You are currently viewing អាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឃាតកម្ម!

អាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឃាតកម្ម!

ព្រៃវែង៖ ក្រោមបញ្ជាផ្ទាល់ លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ព្រៃវែង និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តព្រៃវែង និងលោកព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកណ្តាល កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង ដឹកនាំដោយលោក វរសេនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋានស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បានចុះស្រាវជ្រាវរកជនសង្ស័យករណីឃាតកម្មរិតករសម្លាប់ ជនរងគ្រោះឈ្មោះ ផែ ស្រីម៉ាក់ ភេទស្រីអាយុ ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកបាក់ ឃុំព្រែកទម្លាប់ ស្រុកលើកដែកខេត្តកណ្តាល កាលពីវេលាម៉ោង ១៥ និង៤២ នាទីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ នៅចំណុច ផ្ទះសំណាក់រំចង់ បន្ទប់លេខ២០៧ ស្ថិតនៅភូមិ០៥ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ខេត្តព្រៃវែង។
បន្ទាប់ពីបានកំណត់បានមុខសញ្ញាជនសង្ស័យរួច នៅម៉ោង៧ និង១៥នាទី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ជា ជាង ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ សួនឧស្សាហកម្មសំរោងធំ មានទីលំនៅភូមិជ្រោដងឃុំសំរោងធំ ស្រុកគៀនស្វាយ ខេត្តកណ្តាល និងចាប់យកវត្ថុតាងម៉ូតូចំនួន ០១គ្រឿង និងទូរសព្ទ័ដៃ ០១គ្រឿង។
បន្ទាប់ពីធ្វើការស្តាប់ចម្លើយ ជនសង្ស័យ ឈ្មោះ ជា ជាង បានសារភាពប្រាប់សមត្ថកិច្ចថារូបគេ និងជនរងគ្រោះជាគូរសង្សារនឹងគ្នាហើយមានទំនាស់គ្នានៅក្នុងផ្ទះសំណាក់បានប្រតាយប្រតប់គ្នារហូតដល់ជនសង្ស័យបានស្រវ៉ាយកខ្សែកាបូបរបស់ជនរងគ្រោះមករិតក ជនរងគ្រោះបណ្តាលឱ្យស្លាប់តែម្តង ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តព្រៃវែង កសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី។