កំពង់ចាម ៖ សំឡេងមនុស្សស្រែកឱ្យជួយផង ក្នុងហេតុការណ៍ខ្សែភ្លើងឆក់ ក៏នាំគ្នាភ្ញាក់ផ្អើលស្ទុះរត់ទៅបិទឌីសង់ទ័រ ដោយគេឃើញ មនុស្សប្រុស-ស្រី០៤នាក់បានដួលទៅលើដី ។ សំណាងណាស់ ក្នុងហេតុការណ៍នេះ មិនបានរងគ្រោះថ្នាក់ដល់អាយុជីវិត នោះទេ កើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៣ ឧសភា ២០១៦ ស្ថិតនៅភូមិតាមូត ឃុំគរ ស្រុកព្រៃឈរ ។ ជនរងគ្រោះទាំងនោះ ត្រូវអ្នកភូមិជួយសង្គ្រោះកប់ក្នុងដីខ្សាច់ និងបន្តនាំមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តទាំងយប់ ។
ប្រភពពីស្ត្រីរងគ្រោះម្នាក់ឈ្មោះខែម ចាន់ធា អាយុ៣៨ឆ្នាំ បានរៀបរាប់ប្រាប់GRK News ថា ដំបូងគាត់ប្រើកូនស្រីឈ្មោះឈឺន និតា អាយុ១០ឆ្នាំ ឱ្យចេញទៅបិទម៉ូទ័របូមទឹក នៅខាងក្រោយផ្ទះ ។ ស្រាប់តែឃើញកូនស្រីបានដួល ហើយស្រែកថាម៉ែៗ រំពេចនោះ គាត់នឹកស្មានតែកូនធ្វើលេង ។ បន្ទាប់មក គាត់បានស្ទុះមកជួយកូន តែបែរជាឆក់ខ្សែភ្លើងដោយដៃតោងទៅបង្គោលដែកដាក់ស៊ីទែនទឹក ព្រមទាំងស្រែកជួយផងៗ ។ក្រោយពីស្តាប់ឮបែបនោះ ក៏មានក្មេងស្រីម្នាក់ឈ្មោះ
ស្រីនិច ភេទស្រី អាយុ១៥ឆ្នាំ (ជាអ្នកជិតខាង) បានរត់មកជួយដែរ ក៏ត្រូវខ្សែភ្លើងឆក់បន្តទៀតរហូតដល់សន្លប់ ។
ស្ត្រីឈ្មោះធា និយាយទៀតថា ចំពោះខ្សែភ្លើងគឺគាត់ប្រយ័ត្នបំផុត ខ្លាចណាស់រឿងឆក់ គឺតែងតែមានការប្រុងប្រយ័ត្នជានិច្ច ។ពេលខ្លះ គាត់តែងតែប្រាប់ទៅកូនៗថា ពេលណាដែលមានដៃសើម មិនត្រូវទៅកាន់កុងតាក់បិទម៉ូទ័របូមទឹកឡើយ ដោយបានហៅជាងភ្លើងមកពីភ្នំពេញ ធ្វើការតឱ្យទៀត ។ ហើយចំពោះករណីករណីឆក់នេះ អាចមកពីកាលពីថ្ងៃទី១២ ឧសភា ២០១៦ មានភ្លៀកធ្លាក់មក បណ្តាលឱ្យសើមនៅកុងតាក់ម៉ូទ័រ ទើបជាឆ្លងចរន្តបែបនេះ ។
ចំណែកបុរសជាប្តីឈ្មោះឈុន នី អាយុ៤០ឆ្នាំ ក៏បានប្រាប់ដែរថា ខណៈគាត់កំពុងនៅមុខផ្ទះ ស្រាប់តែឮសូរសំឡេង ដូចមានមនុស្សឈ្លោះគ្នាក៏រត់មកមើលក្រោយផ្ទះ ក៏ឃើញប្រពន្ធគាត់តោងបង្គោលដែកដាក់ធុងទឹក ដោយក្បាលងើយទៅខាងលើ ។ ពេលនោះ គាត់ទៅជួយ ជាហេតុបណ្តាលឱ្យឆក់ទាំងរូបគាត់ដួលមក ត្រូវមុតដែកត្រង់ចង្កេះ តែប្រឹងទប់ស្មារតីស្រែកហៅឲ្យអ្នកជិតខាងជួយ ។