បាត់ដំបងៈ សេចក្តីរាយការណ៍បឋមរបស់ភ្នាក់ងារGRK News ឱ្យដឹងថា មានករណីផ្ទុះអាវុធ និងកាប់ចាក់គ្នាយ៉ាងសាហាវនៅក្នុងហាងផឹកស៊ីមួយកន្លែងយីហោ «ឡាយឡាយ» ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង កាលពីវេលាម៉ោង០៤ទៀបភ្លឺថ្ងៃទី១៤ ឧសភា ២០១៦ ដោយត្រូវគេសង្ស័យថា បណ្តាលមកពីទំនាស់ឌឺដងគ្នារឿងស្រី ។
ទោះបីជា យ៉ាងណា គេមិនបានស្គាល់អត្តសញ្ញាណទាំង២ក្រុមនោះទេ ដោយក្នុងមួយក្រុមមានគ្នាពី៦-៧នាក់ដូចគ្នា និងដឹងថា ភាគីម្ខាងមានកាំភ្លើងខ្លី គឺជាមន្ត្រីនគរបាល ។ ចំណែកឯភាគីដាវសាមូរ៉ៃ គឺមានបក្សពួកប្រហែលគ្នា ក្នុងនោះមានស្រី៤នាក់ ហើយក្នុងចំណោមនោះយុវជនម្នាក់ ត្រូវគេបាញ់ចំពោះរងរបួសធ្ងន់ឈ្មោះសម ប័ររី អាយុ២៥ឆ្នាំ មានទីលំនៅក្នុងភូមិវត្តគ ឃុំវត្តគ ក្រុងបាត់ដំបង បច្ចុប្បន្ន កំពុងសង្គ្រោះនៅមន្ទីរឯកជន ។
បើតាមប្រភពឱ្យដឹងថា មុនដំបូងគេឃើញទាំង២ភាគី បានចូលមកផឹកស៊ីនៅក្នុងហាងខាងលើតាំងពីក្បាលព្រលប់មកម្ល៉េះ ដោយផឹករហូតដល់វេលាកើតហេតុនៅម៉ោង៤ជិតភ្លឺនោះ ក៏កើតទំនាស់ពាក្យសម្តីឌឺដងដាក់គ្នាចុះឡើងៗ ក៏ត្រូវខាងភាគីដាវសាមូរ៉ៃស្ទុះឡើង ទៅវាយខាងភាគីកាំភ្លើងមុន ។ បន្ទាប់មកខាងភាគីដែលត្រូវគេវាយនោះ ដកកាំភ្លើងបាញ់១គ្រាប់ត្រូវចំពោះរបួស ហើយខាងដាវសាមូរ៉ៃឡើងមកចាក់វិញ ត្រូវខាងភាគីកាំភ្លើងរងរបួស២នាក់ផងដែរ ។ រួចក៏នាំគ្នារត់ចេញមកក្រៅហាងចែកជើងគ្នាអស់ ដោយខាងកាំភ្លើង បានបាញ់គំរាមបន្ថែមទៀត ។
គួរបញ្ជាក់ថា ភាគីខាងកាំភ្លើងបន្ទាប់ពីកើតហេតុស្ងាត់ ក៏បានមករើសសំបកគ្រាប់កាទុស្សទៅអស់ មិនឱ្យសល់១គ្រាប់ទេ តែត្រូវកម្លាំងអាវុធហត្ថរកឃើញស្បែកជើង១គូ តែមិនដឹងជាថា ជារបស់ខាងណាទេ ដោយពេលនេះកម្លាំងកំពុងស៊ើបអង្កេតរកមុខសញ្ញាទាំងនោះហើយ ។ បច្ចុប្បន្នកម្លាំងអាវុធហត្ថខេត្ត បាត់ដំបង កំពុងស្រាវជ្រាវតាមរកជនសង្ស័យ យកមកផ្តន់ទារទោសតាមផ្លូវច្បាប់អោយខានតែបាន។