កោះកុង៖ ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង និងមានការសម្របសម្រួលនីតិវិធីពីលោក រស់ សារាំ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង កាលពីវេលាម៉ោង ១៥ និង ០៣នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ កម្លាំងការិយាល័យបទល្មើគ្រឿងញៀនកងរាជអាវុធហត្ថកោះកុង សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកមណ្ឌលសីមា ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន នៅចំណុចភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់មាន៖ ឈ្មោះ រិ រី ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិចាំយាម ឃុំប៉ាក់ខ្លង និងឈ្មោះ គឿន គន្ធា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅភូមិ-ឃុំខាងលើ ។ ចំណែកម្នាក់ទៀត ឈ្មោះ ថា បឿន ភេទប្រុស បានរត់គេចខ្លួនបាត់ បន្សល់ទុកនៅវត្ថុតាងរួមមាន៖ ថ្នាំមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន ០២ កញ្ចប់ និងសម្ភារៈសម្រាប់សេបមួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។