បន្ទាយមានជ័យៈ រន្ទះអប្រិយបានប្រល័យជីវិតបុរសម្នាក់ បណ្តាលឱ្យស្លាប់ចោលប្រពន្ធនិងកូន ហើយត្រូវបានគេប្រទះឃើញសព កាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី១៥ ឧសភា នៅចម្ងាយប្រមាណ២០០ម៉ែត្រខាងត្បូងភូមិសំបួរ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ។
ប្រភពព័ត៌មានរបស់ភ្នាក់ងារGRK News បានឱ្យដឹងថា ជនរងគ្រោះឈ្មោះចិន ទូច អាយុ៥២ឆ្នាំ រស់នៅក្នុងភូមិ ឃុំខាងលើ ។ មុនពេលកើតហេតុ នាវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ឧសភា មានភ្លៀងធ្លាក់យ៉ាងធំមួយមេ ហើយជនរងគ្រោះបានចេញពីផ្ទះទៅដើររកចាប់ហ៊ីង និងកង្កែប ស្រាប់តែនៅវេលាម៉ោង៣ទៀបភ្លឺ ក៏មានគេប្រទះឃើញសពនៅវាលស្រែខាងត្បូងភូមិ ទើបមានការភ្ញាក់ផ្អើលឡើង ។
គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល២ថ្ងៃចុងក្រោយនេះ នៅខេត្តបន្ទាយមានជ័យ មានករណីរន្ទះបាញ់មនុស្សស្លាប់ចំនួន៣នាក់ ក្នុងនោះនៅស្រុកម៉ាឡៃចំនួន២នាក់ គោ១ក្បាល និងនៅស្រុកភ្នំស្រុក១នាក់ ៕