កណ្តាល៖ ថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនាយ នាយរងអាវុធហត្ថខេត្ត បាននាំយកថវិកាមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន ៤៦.៨៥៥.៥០០រៀល ទៅប្រគល់ជូនគ្រួសារសពលោក វរសេនីយ៍ត្រី អ៊ុយ សុវណ្ណា ប្រធានមន្ទីរយុត្តិធម៌ ដល់លំនៅដ្ឋានស្ថិតនៅភូមិ ស្លាបតាអោន ឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ។
លោកឧត្តមសេនីយ៍ត្រី សំ តុលា បានឱ្យដឹងថានេះសបញ្ជាក់ឲ្យឃើញពីទឹកចិត្ត និងការស្រឡាញ់ របស់នាយ នាយរងអាវុធហត្ថ ក្នុងការចូលរួមចែករំលែកទុក្ខលំបាកគ្នាទៅវិញទៅមក ហើយថវិកាទាំងអស់នេះ គឺបានមកពីការបរិច្ចាគដោយស្ម័គ្រចិត្តដោយទឹកចិត្តសប្បុរសធម៌របស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទូទាំងរាជធានី-ខេត្ត និងសប្បុរសជនដែលបានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន ក្នុងនោះដែរថវិកាចំនួន ៥.០០០.០០០រៀល គឺជាថវិកាផ្ទាល់ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ផងដែរ។
តំណាងឲ្យគ្រួសារសពក៏បានថ្លែងអំណរអរគុណ ចំពោះទឹកចិត្ត និងការលះបង់របស់លោកនាយឧត្តមសេនីយ៍ មេបញ្ជាការ ព្រមទាំងនាយ នាយរងអាវុធហត្ថទូទាំងប្រទេស និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តាមជួយបីបាច់ថែរក្សា ប្រោសព្រំប្រសិទ្ធិពរជ័យ និងទទួលបាននូវពុទ្ធពរ ទាំង៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។