រតនគិរី៖ យោងតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី កាលពីវេលាម៉ោង ០៦ និង ៣០នាទី ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ និងកម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី ដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ មិន មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុក បានចុះបង្ក្រាបការដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត នៅចំណុចនិយាមការ ក្នុងភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដោយដកហូតបានរថយន្តចំនួន ០១គ្រឿង ម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2M.4490 ផ្ទុកនូវប្រភេទឈើសុក្រម ចំនួន ០៩ដុំ ស្មើនឹង ០,៤៣២ ម៉ែត្រគូប។ចំណែកអ្នកបើកបរ បានរត់គេចខ្លួនបាត់។
បច្ចុប្បន្នវត្ថុតាង ត្រូវបានកម្លាំងជំនាញ ប្រគល់ជូនផ្នែករដ្ឋបាលព្រៃឈើស្រុកបរកែវ រក្សាទុក ដើម្បីចាត់ការបន្តតាមនីតិវិធី។