ពោធិ៍សាត់៖ នៅវេលាម៉ោង ១៤ និង ៣០នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកវាលវែង ដឹកនាំដោយលោកវរសេនីយ៍ត្រី ពុធ ប៊ុនឈឿន មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកវាលវែង សហការជាមួយកម្លាំងចម្រុះស្រុក ដឹកនាំដោយលោក ជួន ភាព ប្រធានស្នាក់ការឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល បានចុះបង្រ្កាបបទល្មើសកាប់ និងដឹកជញ្ជូនផលអនុផលព្រៃឈើ ដែលគ្មានលិខិតអនុញ្ញាត នៅចំណុចផ្លូវ៥៦ ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ដោយដកហូតបានរថយន្តចំនួន ០៣គ្រឿង រួមមាន (រថយន្តម៉ាក FUSO ០១គ្រឿង ពណ៌សលាយខៀវ ពាក់ស្លាកលេខ ស្វាយរៀង 3A. 1006 ដឹកឈើចម្រុះចំនួន ២៩០សន្លឹក ស្មើនឹង ១១,៩៥០ម៉ែត្រីគុណ, ២. រថយន្តម៉ាកតូរីស ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2AF. 3080, និង៣. រថយន្តម៉ាកតូរីស ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2L.1430 ដឹកឈើសុក្រំចំនួន ០៩កំណាត់ ស្មើនឹង ០,៩៦០ម៉ែត្រីគុណ អ្នកបើកបរទាំងបីនាក់ បានរត់គេចខ្លួនបាត់) រួមទាំងម៉ូតូកង់បី ០១គ្រឿង ដឹកស្នែងសត្វព្រៃឆ្នៃរួច ០៤ស្នែង និងរថយន្តម៉ាកតូរីសចំនួន ០៦គ្រឿង ដឹកឈើកែឆ្នៃ។ ដោយឡែកម្ចាស់រ៉ឺម៉ក និងរថយន្តតូរីស ធ្វើការអប់រំរួច ឲ្យទៅលំនៅដ្ឋានវិញ។
បច្ចុប្បន្នវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញ ប្រគល់ឲ្យស្នាក់ការឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធី។