ពោធិ៍សាត់ៈ ភ្លៀងមួយមេលាយឡំជាមួយរន្ទះបាញ់ បានបណ្ដាលឲ្យរបួសធ្ងន់លោកតាម្នាក់ ខណៈចៅរបស់លោកតាបានស្លាប់ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញ។ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ភ្នាក់ងារ GRK News ថា ហេតុការណ៍គ្រោះធម្មជាតិនេះ
កើតឡើងក្នុងភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ បណ្ដាលឱ្យត្រូវជនរងគ្រោះពីរនាក់ ទី១ឈ្មោះ ចៃ សឿង អាយុ៦៧ឆ្នាំ រងរបួសធ្ងន់ និងម្នាក់ទៀតជាចៅប្រុស ឈ្មោះ សឿង គឹមសិទ្ធ អាយុ១៣ឆ្នាំ ព្រមទាំងខូចខាតផ្ទាំងសូឡាមួយឈុតផងដែរ។
សាក្សីបានបន្ដថា មុនពេលកើតហេតុ ជនរងគ្រោះទាំងពីរ កំពុងតែអង្គុយលេងនៅគ្រែក្រោមផ្ទះ ស្រាប់តែពេលនោះមានភ្លៀងមួយធំ លាយឡំជាមួយខ្យល់ និងរន្ទះ ក៏បណ្ដាលឱ្យរន្ទះនោះបាញ់ចំ ជីតា និងចៅនោះតែម្ដង។ ក្រោយពេលកើតហេតុ ជនរងគ្រោះដែលស្លាប់ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករងរបួសត្រូវបានយកទៅសង្គ្រោះនៅមន្ទីពេទ្យ៕