ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំដាក់ផែនការការពារសន្តិសុខរក្សាសណ្តាប់ធ្នាប់ និងចូលរួមឈរផែនក្នុងពិធីប្រារព្ធខួបលើកទី២៦ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០១៩) និងបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឧត្តមសេនីយ៍, នាយ នាយរងសេនាធិការ, លោកស្នងការ ស្នងការរង, មេបញ្ជាការរងកងរាជអាវុធហត្ថតាមបណ្តារាជធានី ខេត្ត, នាយកវិទ្យាស្ថានកំបូល, នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ, នាយការិយាល័យជំនាញ, មេបញ្ជាការកងវរអន្តរាគមន៍ និងនាយអាវុធហត្ថដែលមានការពាក់ពន្ធជាច្រើនរូបទៀត។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនារសៀលថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០១៩ នៅសាលប្រតិបត្តិការ សេនាធិការដ្ឋាននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស៕