ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រជុំបូកសរុបការងារជំនាញហិរញ្ញវត្ថុ កងរាជអាវុធហត្ថទូទាំងរាជធានី-ខេត្ត ប្រចាំខែមិថុនា ទិសដៅខែកក្កដា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ នាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពីនាយរងការិយាល័យហិរញ្ញវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនាយការិយាល័យហិរញ្ញវត្ថុតាមបណ្តារាជធានី-ខេត្ត ព្រមទាំងហិរញ្ញវត្ថុកងវរអន្តរាគមន៍ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាច្រើនរូបទៀត។
លោកឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ បានធ្វើការបូកសរុបការងារ និងបានដាក់ចេញនូវផែនការបន្តដល់ជំនាញហិរញ្ញវត្ថុតាមបណ្តារាជធានី-ខេត្តទាំងអស់ដើម្បីយកទៅអនុវត្តៈ
១.ពង្រឹងការបើកចែកឱ្យដល់ដៃនាយ នាយរងជអាវុធហត្ថ និងហាមដាច់ខាតមិនឱ្យបើកជាកញ្ចប់។
២.ត្រូវឱ្យនាយ នាយរង និងពលអាវុធហត្ថចុះហត្ថលេខាលើតារាងបែងចែក។
៣.មិនអនុញ្ញាតឱ្យកាត់កងប្រាក់បៀវត្សទោះបីនៅក្នុងប្រការណាក៏ដោយ។
៤.ការកត់បញ្ជីស្នាមរក្សាទុកសៀវភៅឯកសារឱ្យបានល្អនិងគ្រប់គ្រងឱ្យបានគង់វង្សហើយហាមដាច់ខាតមិនឱ្យយកឯកសារការបើកប្រាក់បៀវត្សទៅបង្ហោះតាម Facebook និងតេលេក្រាម។
៥.ជារៀងរាល់ខែមុននឹងបើករបបប្រាក់បៀវត្សម្តងៗត្រូវឱ្យនាយ និងពលអាវុធហត្ថស្លៀកពាក់ឱ្យបានស្អាតសមរម្យ។
៦.សីលធ៌មបូកនឹងវិន័យនៃការនិយាយស្តីជាមួយនាយ និងពលអាវុធហត្ថឱ្យមានជីវធ៌ម សេចក្កីថ្លៃថ្នូរសក្តិសមជាកងរាជអាវុធហត្ថ។ បន្ទាប់មកទៀតលោកឧត្តសេនីយ៍ទោ បានមានប្រសាសន៍ថានាយការិយាល័យហិរញ្ញវត្ថុតាមបណ្តារាជធានី ខេត្ត ទាំងអស់ត្រូវតែទូទាត់ទូរលេខចំណូល ចំណាយសម្រាប់អង្គភាពរបស់ខ្លួនឱ្យបានច្បាស់លាស់មុននឹងយកមកលើផ្ទៃប្រទេសជៀសវាងមានការខុសឆ្គងដោយប្រការណាមួយហើយ លោក ឧត្តមសេនីយ៍ ក៏បានធ្វើការសរសើរដល់ជំនាញទាំងអស់ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរក្នុងការបើកប្រាក់បៀវត្សជូនដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថនៅតាមបណ្តាខេត្តរបស់ខ្លួនទទួលបានជោគជ័យ៕