You are currently viewing ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញប្រគល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្ត ដែលជាអំណោយរបស់ សម្តេចតេជោ!

ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញប្រគល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្ត ដែលជាអំណោយរបស់ សម្តេចតេជោ!

ព្រះសីហនុ៖ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាអាវុធហត្ថខេត្តព្រះសីហនុ បានប្រជុំ និងប្រគល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្ត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូននាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាអាវុធហត្ថខេត្តព្រះសីហនុ។

ថ្លែងក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានធ្វើការកោតសរសើរ វាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង យកអស់ស្មារតីទទួលខុសត្រូវ អនុវត្តតួនាទី ភារកិច្ច និងការងារបានយ៉ាងល្អ ក្នុងកិច្ចការងារ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនដល់ថ្នាក់ដឹកនាំកំពូល ពិសេសបានចូលរួមសហការយ៉ាងខ្លាំងក្លាទាំងថ្ងៃ-យប់ ជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រមទាំងបណ្តាអង្គភាពពាក់ព័ន្ធនានា ក្នុងកិច្ចការជួយសង្រ្គោះ និងស្វែងរកជនរងគ្រោះក្រោមគំនរអគារដួលរលំ កំពស់៧ជាន់ ស្ថិតក្នុងភូមិ៣ ក្រុងព្រះសីហនុ កាលពីវេលាម៉ោងជិត៥ទាបភ្លឺ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នាពេលកន្លងទៅ។

សូមបញ្ជាក់ថា៖ ប្រាក់ឧបត្ថម្ភរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូននាយទាហាន-នាយទាហានរង (បុរស) ក្នុង០១នាក់ ទទួលបានទឹកប្រាក់១០០$ (មួយរយដុល្លារគត់) អាវុធហត្ថនារី ទទួលបានទឹកប្រាក់២០០$ ( ពីររយដុល្លារ) និងប្រាក់ឧបត្ថម្ភរបស់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ក្នុង០១នាក់ ទទួលបានទឹកប្រាក់៥០.០០០រៀល (ប្រាំម៉ឺនរៀល) និងប្រាក់ឧបត្ថម្ភបន្ថែមរបស់លោកឧកញ៉ា អ៊ូ ឆាយ និងលោកជំទាវ ចំនួន៤.០០០$ ក្នុងនោះទទួលបានក្នុង០១នាក់ ទឹកប្រាក់ ៨០.០០០រៀល(ប្រាំបីម៉ឺនរៀល) សរុបទឹកប្រាក់ទទួលបានទាំងអស់អាវុធហត្ថបុរស ទឹកប្រាក់១០០+១៣០.០០០រៀល និងអាវុធហត្ថនារី ទទួលបានទឹកប្រាក់២០០+១៣០.០០០រៀល។

ដោយឡែកដោយមើលឃើញពីការប្រឹងតស៊ូ ជួយសង្រ្គោះជនរងគ្រោះពីរនាក់ប្តី-ប្រពន្ធ ដែលបានជាប់ក្រោមគំនរអគារដួលរលំ ក្នុងកំឡុងពេលកើតហេតុថ្ងៃដំបូង ឱ្យរួចផុតពីសេចក្តីស្លាប់ អស់រយះពេលជាច្រើនម៉ោង លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានឧបម្ភត្ថថវិកាផ្ទាល់ខ្លួន ទឹកប្រាក់ចំនួន១០០$ +១៣០.០០០រៀល ជូនប្អូនប្រុស០១នាក់ ឈ្មោះ នឹម ភិន មុខរបរ មន្រ្តីប្រជាការពារភូមិ០១ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ជាការលើកទឹកចិត្តដល់ភាពក្លាហាន ចេះជួយគ្នាក្នុងគ្រាកើតមានអាសន្ន។