ពោធិ៍សាត់ៈ វេលាម៉ោង ១២ និង ២៥នាទី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០១៦ កម្លាំងចម្រុះរួមមាន ក្រុមអន្តរាគមន៍បង្ក្រាបការជួញដូរសត្វព្រៃចល័ត នៃរដ្ឋបាលព្រៃឈើ បានសហការជាមួយ ខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ ផ្នែករដ្ឋបាលព្រៃឈើក្រគរ អាវុធហត្ថលើផ្ទៃប្រទេស និងអាវុធហត្ថខេត្តពោធិ៍សាត់
អង្គការវ៉ាយអេត និង ដោយមានការចូលរួមពីអាជ្ញាអរមូលដ្ឋាន ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយលោក ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះបង្ក្រាបទីតាំងជួញដូរសត្វព្រៃ នៅចំណុចភោជនីយដ្ឋាន ម្លប់ស្បូវត្រជាក់ចិត្តស្រីឡូត លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
សាច់សត្វព្រៃដែលរកឃើញ និង ដកហូតបានរួមមាន ៖ ជ្រូកព្រៃ ៧៧,៥គីឡូក្រាម, ឈ្លូស ៥៨គីឡូក្រាម, ឆ្មាដាវ ១ក្បាល ស្មើនឹង ១គីឡូក្រាម, ត្រកួត ៧គីឡូក្រាម, កាំប្រម៉ា ៥គីឡូក្រាម, អន្សង ៥គីឡូក្រាម, ទន្សាយ ២២ក្បាល ស្មើនឹង ២៧គីឡូក្រាម, ជើងទន្សាយក្រៀម ៤២ជើង, ពស់សង់សឿ ១,៥ គីឡូក្រាម សរុប ២២៦គីឡូក្រាម ។
វត្ថុតាងសាច់សត្វព្រៃសរុបទាំង ២២៦គីឡូក្រាម នឹងយកទៅកំទេច ឬកប់ចោល នៅខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ ។ ជាមួយគ្នានេះ សមត្ថកិច្ចចំរុះកំពុងស្រាវរកអ្នកពាក់ព័ន្ធបទល្មើសនេះ ឲ្យចូលខ្លួនមកចាត់ការតាមនីតិវិធី ៕