You are currently viewing កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

បន្ទាយមានជ័យ៖ វេលាម៉ោង ១៩ និង ៣០នាទី ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិជំទាវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី ដឹកនាំដោយលោកវរសេវីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន បានចុះប្រតិបត្តិការបង្រ្កាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥នាក់ ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានអោយដឹងថា ៖ ក្រោយទទួលបានព័ត៌មានស្តីពីករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចកើតហេតុខាងលើ លោកបានស្នើសុំគោលការណ៍ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចុះបង្រ្កាប និងដោយមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារអមសាលដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាបដល់ទីតាំងតែម្តង រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥នាក់ រួមមាន ៖ ១-ឈ្មោះ ស៊ិន សុរដ្ឋា ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ បច្ចុប្បន្នរស់នៅភូមិជំទាវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី,២-ឈ្មោះ សួន ចិន្តា (ហៅមាន) ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស បច្ចុប្បន្នរស់នៅភូមិសាលាដែង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី, ៣-ឈ្មោះ ហឿន ម៉ានិត (ហៅចាន់) ដេត ភេទ ប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិឬស្សីក្រោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី, ៤-ឈ្មោះ ដៀប សិរីបុត្រ (ហៅមិច) ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរប្រជាការពារភូមិ បច្ចុប្បន្នរស់នៅភូមិសំរោង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី និង ៥-ឈ្មោះ ស ខាំស៊ិញ (ហៅមិច) ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស បច្ចុប្បន្នរស់នៅភូមិសាលាដែង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី និងដកហូតវត្ថុតាងរួមមាន ៖ -គ្រឿងញៀនមេតំហ្វេតាមីនទឹកកក ចំនួន ០១ថង់, ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន, ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន ០១, កាំភ្លើងកែឆ្នៃ ចំនួន ០២ដើម , បំពង់ជក់ និងដែកកេះ មួយចំនួន , ម៉ូតូ ចំនួន ០២គ្រឿង, ទូរស័ព្ទដៃ ចំនួន ០៤គ្រឿង, កាំបិតជំពុះទុងចំនួន ០១ ។ ក្រោយធ្វើការសាកសួរ ជនសង្ស័យខាងលើបានសារភាពថាខ្លួន ពិតជាបានជួញដូរ និងប្រើប្រាស់សារធាតុញៀនពិតប្រាកដ ។ យោងលើការធ្វើតេស្តរកសារធាតុញៀន ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី ។