បន្ទាយមានជ័យ៖ វេលាម៉ោង ១៣ និង ៤០នាទី ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី លួចម៉ូតូ ដែលប្រព្រឹត្តកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ។ បន្ទាប់ពីធ្វើការឃាត់ខ្លួនកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌បានឲ្យដឹងថា ៖ យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ វុទី្ធ ស្រីនិត ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូផារ៉ាម៉ិច មានទៅលំនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា៖ នៅថ្ងៃកើតហេតុ ខ្លួនបានជិះម៉ូតូម៉ាក ZOOMER-X ទៅធ្វើការនៅកាស៊ីណូ និងបានយកម៉ូតូទីផ្ញើនៅកន្លែងផ្ញើម៉ូតូក្នុងកាស៊ីណូដូចធម្មតា លុះពេលចេញពីធ្វើការវិញមករកម៉ូតូ ស្រាប់តែបាត់រកមិនឃើញ ខ្លួនក៏បានមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្តង។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបញ្ជាក់ទៀតថា ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងជំនាញបានធ្វើការស៊ើបសួរ រហូតដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ ទើបកំណត់បានមុខសញ្ញាជនសង្ស័យ ហើយកោះហៅជនសង្ស័យមកសាកសួរ ។ ក្រោយពីធ្វើការសាកសួរ យើងអាចកំណត់មុខសញ្ញាជនសង្ស័យបានយ៉ាងជាក់លាក់ និងធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ រួមមាន ៖ ១-ឈ្មោះ ទៀក ធី ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ២-ឈ្មោះ សុខ សាន ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា៖ នៅថ្ងៃកើតហេតុ ពួកខ្លួនបានចូលទៅលេងល្បែងនៅក្នុងកាស៊ីណូផារ៉ាម៉ិច លុះដល់លេងចាញ់អស់ប្រាក់ក៏បែកគំនិតលួចយកម៉ូតូ ដែលមាននៅកន្លែងផ្ញើម៉ូតូ របស់កាស៊ីណូ ហើយពួកខ្លួនបានយកកូនសោរមួយ ដើរចាក់គ្រប់ម៉ូតូ ក៏ត្រូវជាមួយម៉ូតូ ០១គ្រឿងម៉ាក ZOOMER-X ហើយពួកខ្លួនក៏ជិះចេញយកទៅដាក់បញ្ចាំក្នុងតម្លៃ ១០.០០០បាត(មួយម៉ឺនបាត) ដើម្បីយកលុយទៅលេងល្បែងបន្តទៀត ។ ដោយផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងយោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុង និងយោងតាមការបំភ្លឺរបស់ជនរងគ្រោះ និងសាក្សី ឃើញថាមានតម្រុយពិរុទ្ធភាពនៃបទល្មើសយ៉ាងជាក់លាក់ ជនសង្ស័យខាងលើអាចត្រូវចោទពីបទ លួច(ម៉ូតូ) បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី ចំណែកម៉ូតូ កម្លាំងជំនាញបានប្រគល់ជូនម្ចាស់ដើមវិញ ។