You are currently viewing ឧត្តមសេនីយ៍ត្រី បោន ប៊ិន ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ច

ឧត្តមសេនីយ៍ត្រី បោន ប៊ិន ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ច

បន្ទាយមានជ័យ៖ ថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ និងផ្សព្វផ្សាយការណែនាំស្តីពីការងារជំនាញកសាងកម្លាំង ផ្សព្វផ្សាយប្រសាសន៍ណែនាំ ០៥ចំណុច របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា ពាក់ព័ន្ធការងារជំនាញគ្រឿងញៀន។ ពិធីនេះស្ថិតក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ លោកនាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩ នាយទាហាន-នាយទាហានរងអាវុធហត្ថ ជាច្រើនរូប។
ក្នុងកិច្ចប្រជុំនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការបានធ្វើការផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ត្រូវបន្តអនុវត្តឲ្យបានម៉ឺងម៉ាត់នូវរាល់បទបញ្ញត្តិ និងបទបញ្ជារបស់ថ្នាក់លើ ត្រូវក្ដាប់ជាប់នូវរាល់សភាពការណ៍ក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។ លោក ឧត្ដមសេនីយ៍បានបញ្ជាក់ទៀតថា នៅពេលមានសភាពការចាំបាច់ត្រូវរាយការណ៍សុំគោលការណ៍ថ្នាក់លើ ត្រៀមលក្ខណៈរួចជាស្រេច ២៤ម៉ោង លើ ២៤ម៉ោង ដើម្បីត្រៀមអន្តរាគមន៍ឲ្យបានទាន់ពេលវេលា នៅពេលមានហេតុការណ៍កើតឡើងជាយថាហេតុ អាវុធហត្ថគ្រប់រូប ត្រូវអនុវត្តឲ្យបានសមស្រប ប្រកាន់ខ្ជាប់នូវសីលធម៌ ម៉ឺងម៉ាត់ គោរពវិន័យ និងអាកប្បកិរិយាល្អក្នុងពេលបំពេញភារកិច្ច ជាពិសេសគោរពច្បាប់ គោរពសិទិ្ធមនុស្ស និងក្រមសីលធម៌របស់កងយោធពលខេមរភូមិន្ទ ចាត់តាំងកម្លាំងចេញល្បាតការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ដើម្បីទប់ស្កាត់ឲ្យបានទាន់ពេលវេលា រាល់បទល្មើសដែលកើតមានឡើង គ្រប់មូលដ្ឋានក្រុង/ស្រុក និងស្នាក់ការសន្តិសុខត្រូវបង្កើនកិច្ចសហការជាមួយស្ថាប័នមានសមត្ថកិច្ច អាជ្ញាធរដែនដីឲ្យបានល្អ និង ត្រៀមជួយសង្រ្គោះគ្រប់សភាពការណ៍ដែលកើតឡើងជាយថាហេតុ ដើម្បីផ្តល់សន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ផងដែរ ។