ខេត្តព្រៃវែងៈ បុរសម្នាក់ត្រូវអាជ្ញាធរមូលដ្ឋានធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង០៧ព្រឹកថ្ងៃទី២០ ឧសភា ២០១៦ នេះ ស្ថិតនៅចំណុចភូមិក្រាំង ឃុំធាយ ស្រុកបាភ្នំ បន្ទាប់ពីកម្លាំងស្រាវជ្រាវរកឃើញថា មានជាប់ពាក់ព័ន្ធករណីឃាតកម្មមួយ ដោយបានសម្លាប់បុរសជាអ្នកជិតខាងគ្នា បណ្តាលឱ្យស្លាប់កាលពីចន្លោះម៉ោង១២ ទៅម៉ោង០១រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ឧសភា ។
ប្រភពឱ្យដឹងថា ជនសង្ស័យខាងលើឈ្មោះកុយ ផល្លិត អាយុ២៦ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ ។ ចំណែកឯជនរងគ្រោះដែលស្លាប់ឈ្មោះទុយ ញ៉ម អាយុ៣៦ឆ្នាំ មានទីលំនៅភូមិក្រាំង ឃុំធាយ ស្រុកបាភ្នំ ។ ការឃាត់ខ្លួនជនសង្ស័យនេះ គឺដោយសារកម្លាំងមូលដ្ឋានរកឃើញអាវជននេះ មានប្រឡាក់ឈាម រួចក៏ហៅមកសួរនាំតាមជំនាញ ទើបជននេះឆ្លើយសារភាពថា ខ្លួនគេពិតជាបានសម្លាប់ជនរងគ្រោះមែន ។
ប្រភពបន្តថា ជនសង្ស័យនិយាយថា មុនកើតហេតុជនរងគ្រោះនិងខ្លួន បានទៅចូលរួមការកូនគេនៅភូមិធាយ ឃុំធាយ ស្រុកបាភ្នំ លុះវេលាម៉ោង១២អាធ្រាត្រ ពួកគេទាំង០២នាក់ បានធ្វើដំណើររួមគ្នាដោយដើរបណ្តើរជេរគ្នាបណ្តើរ ។ លុះដើរមកដល់ចំណុចកើតហេតុ ជនរងគ្រោះបានវាយទៅខ្លួនមួយដៃចំចិញ្ចើម ពេលនោះធ្វើឱ្យខ្លួនខឹងសម្បារ បានវាយតបវិញ០៥ព្រនង់ បណ្តាលឱ្យជនរងគ្រោះស្លាប់ក្នុងថ្លុកឈាមតែម្តង ។
ទោះបីជាយ៉ាងណា ការផ្ទុះហិង្សារវាងជនរងគ្រោះនិងជនសង្ស័យ នៅមិនទាន់ដឹងពីមូលហេតុច្បាស់នោះទេ ។