ត្បូងឃ្មុំៈថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានរៀបចំពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរសក្តិ ជូនដល់នាយទាហាន នាយទាហានរង ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ
មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ព្រមទាំងមានការចូលរួម ពីអស់លោកជាមេបញ្ជាការរង នាយសេនាធិការង ប្រធានមន្ទីរ អនុមន្ទីរ នាយការិយាល័យ និងមេបញ្ជាការក្រុង/ស្រុកទាំងអស់ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចំនួនចូលរួម៦៤នាក់ ក្នុងនោះប្រកាសមុខតំណែង០៥នាក់ និងបំពាក់ឋានន្តរសក្តិចំនួន៣៧នាក់។ ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ បានមានប្រសាសន៍ក្រើនរំលឹកដល់អាវុធហត្ថនៅក្រោមឱវាទ ឲ្យអនុវត្តការងារទៅតាមតួនាទីភារកិច្ច ចេះប្រេីប្រាស់ព័ត៌មានវិទ្យា និងបានណែនាំឲ្យមន្ទីរជំនាញតាមដាននិងក្តាប់សភាពការណ៍ក្នុងមូលដ្ឋានរបស់ខ្លួនអោយបានច្បាស់លាស់ ដើម្បីឈានទៅបង្ក្រាបបទល្មេីសដែលកេីតឡេីងអោយមានប្រសិទ្ធភាព។ ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ មេបញ្ជាការក៏បានផ្តល់អនុសាសន៍ដល់មេបញ្ជាការតាមបណ្តាស្រុកនិងស្នាក់ការ ធ្វើយ៉ាងណាសហការអោយបានល្អជាមួយភូមិឃុំ និងប្រជាការពារភូមិដើម្បីងាយស្រួលក្នុងការតាមដានសភាពការណ៍ និងបង្ក្រាបបទល្មើសដែលកើតមានឡើងនៅក្នុងភូមិសាស្ត្ររបស់ខ្លួន។ ជាចុងក្រោយ លោកក៏បានផ្តាំផ្ញើរដល់កងកម្លាំងទាំងអស់ ពង្រឹងបន្ថែមនូវស្មារតីសាមគ្គីភាពក្នុងអង្គភាពអោយបានល្អ រក្សាអោយបាននូវឆន្ទៈក្នុងការការពាររដ្ឋធម្ននុញ្ញ និងបេជ្ញាអនុវត្តគ្រប់វិធានការណ៍។