បន្ទាយមានជ័យ៖ លោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសីលា សាងសង់អាគាររដ្ឋបាល មូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរជ្រៅថ្មីចំនួន ០១ខ្នង ជាន់ផ្ទាល់ដី នាព្រឹកថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៩។ អាគារនេះសាងសង់ឡើងអំពីថ្ម ដំបូលប្រក់ក្បឿងស្រកាលិញ ដែលមានទំហំ ០៧ម៉ែត្រ x ២២ម៉ែត្រ កំពស់ ០៥ម៉ែត្រ នៅលើផ្ទៃដីទំហំ ៧០ម៉ែត្រ x ៣០ម៉ែត្រ ។ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានឱ្យដឹងថា ការសាងសង់អាគារមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត គឺយោងតាមគោលការណ៍ និងសេចក្តីណែនាំពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យគ្រប់បណ្តាទីបញ្ជាការកងរាជអាវុធហត្ថ រាជធានី-ខេត្ត មូលដ្ឋានស្រុក/ក្រុង និងស្នាក់ការសន្តិសុខ សាងសង់ទីជម្រកសម្រាប់កងកម្លាំង និងកន្លែងធ្វើការ ស្នាក់នៅ ផ្ទះបាយ ឃ្លាំងដាក់សម្ភារៈ និងសាលប្រជុំប្រកបទៅតាមស្តង់ដារនិងគុណភាពដែលជាតម្រូវការចាំបាច់ទៅតាមរបៀបរបបការងារផងដែរ។ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានបន្ថែមថា ៖ ក្រោយពីការសាងសង់អាគាររដ្ឋបាលចប់ជាស្ថាពរ លោកនឹងបន្តសាងសង់អាគារស្នាក់នៅសម្រាប់កងកម្លាំង ផ្ទះបាយ ឃ្លាំងដាក់សម្ភារៈ និងបន្ទប់អនាម័យបន្ថែមទៀត ។ លោកវរសេនីយ៍ត្រី ជា ពិសី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ បានបញ្ជាក់ឲ្យដឹងថា ៖ ការសាងសង់អាគាររដ្ឋបាលរបស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ គឺជាគំនិតផ្តួចផ្តើម និងឧបត្ថម្ភដោយលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងដោយមានការចូលរួមពីសំណាក់អាជីវករ និងសប្បុរសជនមួយចំនួននៅមូលដ្ឋានស្រុកអូរជ្រៅផងដែរ ។