You are currently viewing ណាត់កាប់ចាក់គ្នា ត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនបាមចំនួន ០៧នាក់!

ណាត់កាប់ចាក់គ្នា ត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនបាមចំនួន ០៧នាក់!

បន្ទាយមានជ័យ៖ នៅវេលាម៉ោង ១៨ និង ៣០នាទីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចមុខរោងចក្រកាត់ដេរ TK ស៊ីសុផុន ស្ថិតនៅភូមិដីឡូត៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កម្លាំងជំនាញការិយាល័យបទល្មើសព្រហ្មទណ្ឌ សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានក្រុងសិរីសោភ័ណ បានចុះប្រតិបត្តិការបង្រ្កាបករណី ហិង្សាទៅវិញទៅមក (កាប់និងកាំបិត) ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឲ្យដឹងថា ៖ យោងតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ នៅវេលាម៉ោងប្រមាណ ១៧ និង ០០នាទី មានក្រុមក្មេងស្ទាវចំនួន ០២ក្រុម បានកាប់ចាក់គ្នានៅចំណុចមុខរោងចក្រកាត់ដេរ TK ស៊ីសុផុន។ ក្រោយពីទទួលបានដំណឹងអំពីករណីខាងលើ លោកបានធ្វើសេចក្តីរាយការណ៍ស្នើសុំគោលការណ៍ពីសំណាក់លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចុះបង្រ្កាប និងដោយទទួលបានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំង ចុះបង្រ្កាប និងឃាត់ខ្លួនជនពាក់ព័ន្ធបានចំនួន ០៧នាក់ រួមមាន ៖ ១-ឈ្មោះ អាត សេរី ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ, ២-ឈ្មោះ សារួន សែនសារី ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ, ៣-ឈ្មោះ អោក គឹមលៀង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ, ៤-ឈ្មោះ ហ៊ុន សៀងហន ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ, ៥-ឈ្មោះ យក់ យួង ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិកន្ទួត សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ, ៦-ឈ្មោះ ឈួយ សាម៉ន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ និង៧-ឈ្មោះ ឈួយ សុភាព ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។ ក្រោយពីធ្វើការឃាត់ខ្លួន កម្លាំងសមត្ថកិច្ចដកហូតបានកាំបិតកែឆ្នៃ ចំនួន ០២ដើម លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានឲ្យដឹងថា ៖ ក្រោយពីធ្វើការឃាត់ខ្លួន និងស្រាវជ្រាវទៅលើអង្គហេតុ ដោយយោងទៅលើការបំភ្លឺរបស់សាក្សី និងឆែកមើលវីដេអូកាមេរ៉ាសុវត្ថិភាពរបស់រោងចក្រកាត់ដេរ TK ស៊ីសុផុន កម្លាំងសមត្ថកិច្ចអាចសន្និដ្ឋានបានថា ៖ ក្រុមក្មេងទំនើងទាំង ០២ក្រុម មានការឈ្លោះប្រកែកគ្នា រហូតណាត់កាប់គ្នានៅមុខរោងចក្រតែម្តង ។ បន្ទាប់ពីឃាត់ខ្លួន និងសាកសួរចម្លើយ ជនសង្ស័យទាំង ០៧នាក់ខាងលើរួចមក ពួកគេបានសារភាពថា ៖ ពួកខ្លួនពិតជាបានណាត់កាប់គ្នានៅចំណុចមុខរោងចក្រ និងបានប្រើប្រាស់កាំបិតកាប់គ្នាទៅវិញទៅមករហូតមានរងរបួសទាំងសងខាងពិតប្រាកដមែន ។ ដោយផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងយោងតាមការបំភ្លឺរបស់សាក្សី និងយោងតាមការត្រួតពិនិត្យមើលពីសកម្មភាពវីដេអូកាមេរ៉ាសុវត្ថិភាពអាចបញ្ជាក់បានថា៖ ជនសង្ស័យទាំងពីក្រុមត្រូវចោទប្រកាន់ពីបទ ហិង្សាទៅវិញទៅមក។
បច្ចុប្បន្ន ជនសង្ស័យទាំង ០៧នាក់ រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕