You are currently viewing ឧត្ដមសេនីយ៍ត្រី បោន ប៊ិន ទទួលជួបចំពោះគណៈប្រតិភូកងទ័ពប្រជាជនវៀតណាម

ឧត្ដមសេនីយ៍ត្រី បោន ប៊ិន ទទួលជួបចំពោះគណៈប្រតិភូកងទ័ពប្រជាជនវៀតណាម

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានទទួលស្វាគមន៍គណៈប្រតិភូ នាយទាហាន នៃកងទ័ពប្រជាជនវៀតណាម ដែលបានអញ្ជើញទស្សនកិច្ច បំប៉នសុខភាព នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។ ក្នុងកិច្ចសំណេះសំណាលនោះលោក ឧត្ដមសេនីយ៍ បានថ្លែងមតិស្វាគមន៍ ចំពោះគណៈប្រតិភូកងទ័ពប្រជាជនវៀតណាម ដែលអញ្ជើញទស្សនកិច្ច បំប៉នសុខភាព នៅក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ដូ ម៉ាញ់ហ៊ុង និងលោកស្រី ង្វៀន ធីកហាវ ប្រធានប្រតិភូនៃកងទ័ពប្រជាជនវៀតណាម និងធ្វើសេចក្ដីរាយការណ៍សង្ខេបអំពីថ្ងៃបង្កើត និងតួនាទី-ភារកិច្ច របស់កងរាជអាវុធហត្ថផងដែរ។
ពិធីនេះប្រព្រឹត្តទៅដោយភាពស្និទ្ធស្នាលរវាងប្រតិភូ នៃកងទ័ពប្រជាជនវៀតណាម និងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យផងដែរ ជាកិច្ចបញ្ចប់លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន ក្នុងនាមមេបញ្ជាការ ជំនួសមុខឱ្យនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តទាំងអស់ ជូនពរប្រធានប្រតិភូ និងសហការីអមដំណើរទាំងអស់ ក្នុងឱកាសបំពេញទស្សនកិច្ច សូមមានសុខភាពល្អ និងសូមឱ្យការវិលត្រឡប់ទៅវិញប្រកបដោយសុវត្ថិភាព។