You are currently viewing ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា!

ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា!

កណ្តាល៖ នៅវេលាម៉ោង២ និង ១០នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា មួយកើតឡើងនៅចំណុចតាមផ្លូវជាតិលេខ៦អា ស្ថិតក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ខណពេលដែលជនរងគ្រោះកំពុងបើកបររថយន្ត ០២គ្រឿង នៅលើផ្លូវជាតិលេខ៦អា ទិសដៅពីភ្នំពេញ ទៅខេត្តមណ្ឌលគីរី។ ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា ០៦នាក់ បានជិះម៉ូតូមកក្បែរថយន្ត និងដកខ្សែរក្រវ៉ាត់ វាយទៅលើរថយន្តរបស់ជនរងគ្រោះ រួចក្រុមជនសង្ស័យបានជិះម៉ូតូវ៉ារថយន្តទៅមុខ។ ជនរងគ្រោះក៏បានបើករថយន្តដេញតាមពីក្រោយ និងបានហៅឈប់ ដើម្បីសួរនាំ ពេលជនរងគ្រោះចុះពីរថយន្តក៏ត្រូវក្រុមជនសង្ស័យព្រួតវាយ បណ្តាលឲ្យមានរបួស និងនាំគ្នារត់ឡើងជិះរថយន្តមួយគ្រឿងចេញទៅប្តឹងសម្ថកិច្ចកងរាជអាវុធហត្ថស្រុកមុខកំពូល ដោយទុករថយន្តមួយគ្រឿងចោលនៅតាមដងផ្លូវ ហើយត្រូវក្រុមជនសង្ស័យវាយបែកកញ្ចក់អស់ទាំងស្រុង។
ក្រោយពីទទួលពាក្យបណ្តឹងរបស់ក្រុមជនរងគ្រោះ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។
កម្លាំងកងរាជអាវុធហត្ថស្រុកមុខកំពូល បានចុះឃាត់ខ្លួនជនសង្ស័យ បានចំនួន ០២នាក់ នៅចំណុចមុខខារាអូខេឌីយ៉ាម៉ង់ហ្គោល ស្ថិតក្នុងភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
១-ឈ្មោះ សាយ ស៊ីណា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងជួសជុលរថយន្ត មានទីលំនៅភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
២-ឈ្មោះ ខុម ម៉េងហុង ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរជាងជួសជុលរថយន្ត មានទីលំនៅភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងបក្សពួកចំនួន ០៤នាក់ទៀត បានគេចខ្លួន។

សម្ភារៈខូចខាតរថយន្ត ០១គ្រឿង ម៉ាកសាំយ៉ុង បែកកញ្ចក់ទាំងស្រុង។ វត្ថុតាងចាប់យកមានម៉ូតូ ០១គ្រឿង (របស់ជនសង្ស័យជិះធ្វើសកម្មភាព) និងក្បាលខ្សែក្រវ៉ាត់ចំនួន ០២។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។