ភ្នំពេញ៖ អាវុធហត្ថរាជធានីភ្នំពេញ បានបំពេញតួនាទីភារកិច្ចស្នូលរបស់ខ្លួនលើការងារបង្ការ បង្ក្រាប និងសង្គ្រោះ យ៉ាងសស្រាក់សស្រាំ ព្រមទាំងបានហ្វឹកហ្វឺនរៀនសូត្រ លើគ្រប់មុខជំនាញ ដើម្បីពង្រឹងសមត្ថភាព ពង្រីកចំណេះដឹងរបស់ខ្លួន ឲ្យមានការអភិវឌ្ឍន៍ទាន់សម័យកាលផងដែរ។ មិនតែប៉ុណ្ណោះ ក៏បានបំប៉នបន្ថែមនូវចំណេះដឹងទូទៅដល់សមាជិករបស់ខ្លួន ដោយសិក្សាពីប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ ជំនឿ សាសនា ក្នុងសម័យកាលនីមួយៗ របស់កម្ពុជា ទៀតផង។
នេះគឺជាសកម្មភាពចុះកម្មសិក្សា របស់អាវុធហត្ថរាជធានីភ្នំពេញ ដែលបានចុះទៅទស្សនកិច្ចជាក់ស្តែង នៅព្រះបរមរាជវាំង សារមន្ទីរជាតិ និង សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង(ស២១) ដើម្បីស្វែងយល់អំពី ព្រះរាជកិច្ចរបស់ព្រះមហាក្សត្រ ពិធីការនៃការទទួលបដិសណ្ឋារកិច្ចចំពោះគណៈប្រតិភូជាន់ខ្ពស់ របស់ព្រះមហាក្សត្រ បម្រែបម្រួល វប្បធម៌ អរិយធម៌ ជំនឿ សាសនា តាមសម័យកាលនីមួយៗ និង ប្រវត្តិសាស្ត្រព្រមទាំងមូលហេតុនៃឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដែលធ្លាប់កើតមានក្នុងប្រទេសកម្ពុជា៕