បន្ទាយមានជ័យ៖ យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះជាជនជាតិថៃឈ្មោះ ជីរ៉ាវ៉ាត់ លើតកាស៊ីត ហៅ ធីម ភេទប្រុស បានបាត់រថយន្ត០១គ្រឿងម៉ាក តូយូតាអាល់ហ្វាត (TOYOTA .ALPHARD) ពណ៌ខ្មៅ ពាក់ស្លាកលេខ ក្រុងថេបមហាណាកន ស-៥០៨៤ បើ តាមការឆែកជីភីអេសរបស់ម្ចាស់រថយន្តបានឱ្យថា រថយន្តនេះនៅក្នុងទឹកដីខ្មែរ។ ពាក្យបណ្ដឹងនេះតាមរយៈការិយាល័យទំនាក់ទំនងព្រំដែនថៃ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩នេះ។ ក្រោយពីទទួលបានពាក្យបណ្ដឹងតាមរយៈការិយាល័យទំនាក់ទំនងថៃ លោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាឱ្យគ្រប់បណ្ដាបញ្ជាការមូលដ្ឋានក្រុង-ស្រុក ដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ ត្រូវសា្រវជ្រាវរុករករថយន្តដែលមានភិនភាគខាងលើ។ ដោយមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តផងនោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ សហការជាមួយកម្លាំងស្នាក់ការសន្តិសុខ៩៩៩ ដែលឈរជើងនៅច្រកព្រំដែនបឹងត្រគួន ដឹកដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះធ្វើប្រតិបត្តិការស្រាវជ្រាវរុករករហូតរកឃើញរថយន្ត០១គ្រឿងនេះ នៅចំណុចក្នុងព្រៃ ស្ថិតក្នុងភូមិក្ដិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង២០ និង៣០នាទី ថ្ងៃ ខែ ឆ្នាំ ដដែល។ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ឱ្យដឹងថា ក្រោយពីរកឃើញរថយន្ត រថយន្តនោះ ត្រូវបានជាប់សោរ ហើយលោកបាន រាយការណ៍ជូនលោកឧត្តមសេនីយ៍មេបញ្ជាការ ដើម្បីយករថយន្តមកស្ទូចដឹកយកទៅរក្សាទុកនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីរក្សាទុកបណ្ដោះអាសន្ន។ ដោយមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង០៨និង០០នាទី ថ្ងៃទី១១ កញ្ញា ឆ្នាំ២០១៩ រថយន្ត០១គ្រឿង ម៉ាកតូយូតាអាល់ផាត(TOYOTA.ALPHAFD) សេរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ក្រុងថេបមហាណាកន ស-៥០៨៤ (ស្លាកលេខថៃ) ដែលមានលេខតួ AGH300204167 លេខម៉ាស៊ីន 2ARJ128323 ដែលរកឃើញកាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង២០ និង៣០នាទី ត្រូវបានប្រគល់ទៅឱ្យម្ចាស់ដើមវិញហើយ តាមរយៈលោកវរសេនីយ៍ឯក ឈុមកេត ណុបគេត ប្រធានស្តីទី ការិយាល័យទំនាក់ទំនងព្រំដែនថៃ-កម្ពុជា ចំណែកជនដែលពាក់ព័ន្ធករណីលួចរថយន្តខាងលើនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត៕