You are currently viewing គ្រឿងញៀនជិតកន្លះគីឡូក្រាមត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតបង្រ្កាបបាន!

គ្រឿងញៀនជិតកន្លះគីឡូក្រាមត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតបង្រ្កាបបាន!

បន្ទាយមានជ័យ៖ នៅវេលាម៉ោង ១៥និង ០០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះល្បាតការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងរក្សាសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ពេលទៅដល់ចំណុចជិតភូមិសាមគ្គីមានជ័យ សង្កាត់ និងក្រុងប៉ោយប៉ែត ស្រាប់តែប្រទះឃើញមនុស្សប្រុស ស្រី ២នាក់ កំពុងឈរនៅកន្លែងទីងងឹត ពេលនោះកម្លាំងមានការសង្ស័យក៏ឃាត់ខ្លួនដើម្បីត្រួតពិនិត្យហើយរកឃើញគ្រៀងញៀនតែម្តង។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានប្រាប់ឱ្យដឹងថា ក្រោយពីឆែកឆេររកឃើញគ្រឿងហើយនោះកម្លាំងរបស់លោកក៏នាំខ្លួនយកមកបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងដើម្បីសាកសួរចម្លើយ។ លោក វរសេនីយ៍ត្រី នួន នីណារ៉ូ បានប្រាប់ឱ្យដឹងទៀតថា នៅពេលយកមកដល់មូលដ្ឋានកងរាជអាវុធហត្ថក្រុងបាន ធ្វើការឆែកឆេរបន្តបន្ទាប់រកឃើញគ្រឿងញៀនប្រភេទមេតំហ្វេតាមីនទឹកកកចំនួន ១៣ថង់ នៅក្នុងបំពង់ជ័រពណ៌ខៀវ ក្នុងនោះមាន ៩កូនថង់តូច និង ៤ថង់ធំ ស្មើនឹងទម្ងន់សរុប ៤៥៤,២ក្រាម(បួនរយហាសិបបួនក្បេសពីរក្រាម) ព្រមទាំងដកហូតទូរស័ពដៃ្ទចំនួន ២គ្រឿង, ម៉ូតូ ១គ្រឿង, ប្រាក់ខ្មែរចំនួន៤ម៉ឺនរៀល និងថង់សម្រាប់ច្រកគ្រឿងញៀន និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ចំណែកជនសង្ស័យចំនួន២នាក់នោះ១/-ឈ្មោះ ពេក ហេន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប បច្ចុប្បន្ន រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
២/-ឈ្មោះ អ៊ីម សុខណា ភេទស្រី អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅបន្ទប់ជួលក្នុងភូមិមិត្តភាព សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រោយពីសាកសួរចម្លើយរួចកម្លាំងជំនាញកងរាជអាវុធហត្ថក្រុងបានកសាងឯកសារបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។ លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារបទល្មើសគ្រឿងញៀន បានបញ្ជាក់ឱ្យដឹងថា ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត លោកបានចាត់ឱ្យជំនាញការិយាល័យបទល្មើសគ្រឿងញៀនខេត្តធ្វើការសាកសួរចម្លើយបន្ថែម។ លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបន្តទៀតថា តាមការស្ដាប់ចម្លើយរបស់ជនសង្ស័យឈ្មោះ ពេក ហេន ភេទប្រុស បានឆ្លើយសារភាពថា ខ្លួនគេពិតជាបានរកស៊ីជួញដូរ និងប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន ហើយគ្រឿងញៀនដែលរូបគេយកមកលក់បន្ត គឺទិញពីក្មេងជនជាតិថៃ ដែលជាអ្នកកាន់គ្រឿងញៀនឱ្យជនជាតិថៃម្នាក់ទៀតដែលរូបគេពុំបានស្គាល់ឡើយ។ ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ អ៊ី សុខណា ភេទស្រី បានឆ្លើយសារភាពថា រូបគេពុំបានជាប់ពាក់ព័ន្ធនឹងការជួញដូរនេះទេ គឺនាងបានមកទិញគ្រឿងញៀនពីឈ្មោះ ពេក ហេន ដើម្បីយកទៅប្រើប្រាស់តែប៉ុណ្នោះ។ លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបន្តទៀតថា តាមការស្ដាប់ចម្លើយសារភាពរបស់ជនសង្ស័យទាំងពីរនាក់ និងយោងតាមការធ្វើតេស្តទឹកនោម គឺមានភាពស៊ីសង្វាក់គ្នាបង្ហាញពីតម្រុយនៃបទល្មើសយ៉ាងជាក់លាក់ ព្រមទាំងមានភស្ដុតាងគ្របគ្រាន់ផងនោះ ដូច្នេះជនសង្ស័យទាំងពីរនាក់ អាចធ្វើការចោទប្រកាន់ពីបទជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ បច្ចុប្បន្ន ជនសង្ស័យទាំងពរីនាក់ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញបទល្មើសគ្រឿងញៀនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី៕