កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីថ្លែងការថ្កោលទោសទណ្ឌិតឈ្មោះ សម រង្ស៊ី និងត្រៀមខ្លួនអនុវត្តដីកា ព្រមទាំងអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល៖
កងរាជអាវុធហត្ថ ធ្វើការថ្កោលទោសដាច់អហង្ការចំពោះទណ្ឌិតឈ្មោះ សម រង្ស៊ី បានប្រមាថទៅលើអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ពាក្យសម្តីរបស់ទណ្ឌិតឈ្មោះ សម រង្ស៊ី ដែលបានធ្វើការផ្សព្វផ្សាយជាសាធារណៈ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះកិត្តិនាម ព្រះករុណព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
អំពើរបស់ទណ្ឌិតឈ្មោះ សម រង្ស៊ី បានរំលោភរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលមានចែងក្នុងបញ្ញតិមាត្រា៧ “អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ” និងជាបទល្មើស ប្រមាថចំពោះអង្គព្រះមហាក្សត្រ ដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញតិមាត្រា ៤៣៧ “ស្ទួន” ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
កងរាជអាវុធហត្ថ គាំទ្រចំពោះចំណាត់ការរបស់តុលាការ និងបានត្រៀមខ្លួន ក្នុងការអនុវត្តដីការបស់តុលាការ និងអនុវត្តរាល់បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម។