ក្រចេះ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ លោកឧត្តមសេនីយ៍ទោ ជួន ជឿន ស្នងការ ស្នងការដ្ឋានសម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុប្រធានក្រុមការងារត្រួតពិនិត្យចំនួនទ័ព តំណាងលោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រធានក្រុមការងារ បានអញ្ជើញចុះត្រួតពិនិត្យមធ្យោបាយ គ្រឿងបំពាក់ យោធបរិក្ខា ត្រៀមអន្តរាគមន៍អនុវត្តដីកាតុលាការ និងត្រៀមជួយសង្រោះប្រជាពលរដ្ឋដែលរងគ្រោះ ដោយគ្រោះធម្មជាតិផ្សេងៗ ពិធីនេះមាការចូលរួមពីលោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។
លោក ឧត្តមសេនីយ៍ទោ ជួន ជឿន ក៏បានធ្វើការសំណេះសំណាល និងផ្ដាំផ្ញើដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការគោរពវិន័យ គោរពបទបញ្ជា ជាពិសេសត្រូវពង្រឹងសមត្ថភាព ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ក៏ដូចសង្គមជាតិផងដែរ ជាពិសេសត្រូវត្រៀមកម្លាំងឱ្យបានគ្រប់ពេលវេលា ដើម្បីត្រៀមអនុវត្តដីការតុលាការ និងការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ ព្រមទាំងចុះជួយប្រជាពលរដ្ឋមានពេលជួបទុក្ខលំបាក។
លោក ឧត្តមសេនីយ៍ទោ ក៏បានផ្តាំផ្ញើ និងក្រើនរំលឹកដល់នាយ នាយរងអាវុធហត្ថទាំងអស់ ត្រូវបន្តនូវគុណសម្បត្តិដ៏ធំធេងបន្ថែមទៀត និងត្រូវគ្រប់គ្រងព័ត៌មានតាមដានក្តាប់ឱ្យជាប់នូវរាល់មហិច្ឆិតាប៉ុនប៉ងបង្កអសន្តិសុខដែលនាំឱ្យបះពាល់ដល់ស្ថេរភាព សណ្តាប់ធ្នាប់ របៀបរៀបរយ និងសន្តិសុខសង្គម។ ត្រូវការអប់រំបណ្តុះបណ្តាលនាយទាហានក្រោមឱវាទរបស់ខ្លួនឱ្យមានគំនិតជាតិនិយម អប់រំកម្លាំងឱ្យអនុវត្តភារកិច្ចរបស់ខ្លួនដោយគោរពទៅតាមក្រមសីលធម៌វិជ្ជាជីវៈ ខិតខំកសាងអង្គភាពកងរាជអាវុធហត្ថឱ្យមានភាពរឹងមាំ និងមានទំនុកចិត្តពីប្រជាពលរដ្ឋ៕