ស្វាយរៀង៖ នៅវេលាម៉ោង២០ និង ១០នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានកងរាជអាវុធហត្តក្រុងបាវិត សហការជាមួយកម្លាំងមន្ទីរយុត្តធម៌កងរាជអាវុធហត្ថខេត្ត ដឹកនាំដោយ លោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងទទួលជំនាញយុត្តិធម៌ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានចុះបង្រ្កាបករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចខាងមុខកាស៊ីណូម៉ុកបាយ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ឈ្មោះ ជា វិបុល ភេទប្រុស អាយុ ៣០ឆ្នាំ ស្នាក់នៅបន្ទប់ជួលលេខ ១១ ផ្ទះសំណាក់ ចំរ៉ុង នីតាស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និងឈ្មោះ ង្វៀង ធីមីយាន ភេទស្រី អាយុ ២៧ឆ្នាំជនជាតិវៀតណាម មានទីលំនៅបច្ចុប្បន្នបន្ទប់ជួលលេខ២០ ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
វត្ថុតាងរួមមានម្សៅក្រាមពណ៌សថ្លាចំនួន ៣០កញ្ចប់, ម្សៅខេចំនួន ២កញ្ចប់, ទូរស័ព្ទចំនួន ០៣ គ្រឿង ថ្នាំគ្រាប់ពណ៌ផ្ទៃមេឃចំនួន ៣៣គ្រាប់, ម៉្សៅពណ៌ផ្កាឈូក ទម្ងន់៨,៤៦ ក្រាម (គិតទាំងសំបកវិចខ្ចប់ ), ម៉្សៅពណ៌ប្រផេះទម្ងន់ ១៥,២៤ក្រាម (គិតទាំងសំបកវិចខ្ចប់), ជញ្ជីងសម្រាប់ថ្លឹងគ្រឿញៀន ចំនួន ០១ , ម៉ូតូម៉ាក YAMAHA M SLAS ពណ៍ខ្មៅ ០១ គ្រឿង, ប្រាក់ដុងចំនួន ១,៦៥៥,០០០ដុង, ប្រាក់ដុល្លាចំនួន ៥ដុល្លា និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿង បញ្ជួនទៅអយ្យការអមសាលាដំបូងខេត្ត។