ស្វាយរៀង៖ នៅវេលាម៉ោង ១៦ និង ២៨នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ កម្លាំងអាវុធហត្ថបានទទួលព័ត៌មាន និងរូបភាពវីដេអូប្រើអំពើហិង្សាលើជនរងគ្រោះដែលផ្ញើមកពីប្រទេសចិន ដែលជនសង្ស័យផ្ញើទៅដើម្បីឱ្យអាណាព្យាបាលជនរងគ្រោះយកលុយមកលោះខ្លួន ជនរងគ្រោះ។
ក្រោយពីទទួលព័ត៌មាន និងរូបភាពវីដេអូរួចមកកម្លាំងជំនាញកងរាជអាវុធហត្ថបានធ្វើការពិនិត្យ និងស្រាវជ្រាវសង្ស័យថា ទីកន្លែងធ្វើទារុណកម្ម ស្ថិតនៅភូមិសាស្ដ្រក្រុងបាវិត។ ក្រោយពីទទួលបានការអនុញ្ញាតពីលោក គង់ ច័ន្ទរិទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត និងក្រោមការបញ្ជាផ្ទាល់ លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង រហូតដល់ម៉ោង ១៩ ០០នាទី ថ្ងៃទី១៤ ខែតុលា ឆ្នា២០១៩ កម្លាំងអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោក វរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង ទទួលជំនាញយុត្តិធម៌ ធ្វើប្រតិបត្តិការចុះទៅចំណុចផ្ទះសំណាក់មហាជ័យ សុំសហការ និងធ្វើការឆែកឆេរបន្ទប់លេខ២៣ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយបានរកឃើញមនុស្សចំនួន ០៣នាក់ឈ្មោះ ធឹង ចាស៊ាង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ (ជនសង្ស័យ), ឈ្មោះ យ៉ាង អាងសឺង ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិតាសា សង្កាត់ឡាំងឈីង ក្រុងណាននីង ខេត្តគង់ស៊ី ប្រទេសចិន។ (ជនរងគ្រោះ), ឈ្មោះ វ័ សាវជៀន ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន មុខរបរអាជីវករ ទីលំនៅបច្ចុប្បន្នភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ (ជនរងគ្រោះ)
កម្លាំងអាវុធហត្ថនៅតែបន្តស្រាវជ្រាវរហូតដល់ម៉ោង ២៣ និង ១៥នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ ឡឹក ចំរើន មេបញ្ជាការរង បានធ្វើប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត និងមុខសណ្ឋាគារ JP ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ជនសង្ស័យឈ្មោះ ហ្វង់ ឈីឆឹង (ហៅក្រៅ ម៉ឹងគ័រ) ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិចិន ទីលំនៅបច្ចុប្បន្នស្នាក់នៅផ្លូវកំពង់ស្ពានសណ្ឋាគារអូលីដេ បន្ទប់លេខ២០៣ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។
ចំណែកជនរងគ្រោះទាំង ០២នាក់ បញ្ជូនទៅការិយាល័យអន្ដោប្រវេស្ដ ស្នងការនគរបាលខេត្តស្វាយរៀង។