កណ្តាល៖ ក្នុងឱកាសចូលរួមពិធីបុណ្យកឋិនទាននៅឆ្នាំ២០១៩នេះ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងលោកជំទាវ ស្រី ហ៊ាញ បានប្រារព្ធពិធីសូត្រមន្ត និងស្ដាប់ព្រះសង្ឃសម្ដែងធ៌មទេសនា នារសៀលថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០១៩ នៅសេនាធិការដ្ឋាននៃបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងសង្កាត់ទឹកល្អទី២ ខណ្ឌទួលកោគ រាជធានីភ្នំពេញ។ លុះព្រឹកឡើងថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០១៩ លោក នាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ ស្រី ហ៊ាញ ព្រមទាំង ឯកឧត្តម លោកឧកញ៉ា លោកប្រុស លោកស្រីរួមជាមួយពុទ្ឋបរិស័ទជិតឆ្ងាយបានដង្ហែរអង្គកឋិនទានសាមគ្គីកងរាជអាវុធហត្ថ ទៅកាន់វត្តទេពវង្សីដែលស្ថិតនៅក្នុងភូមិពោធិ៍មង្គល ឃុំព្រែកតាតែន ស្រុកពញាឮខេត្តកណ្តាល។ ការដង្ហែរកឋិនទានប្រទក្សិណបីជុំ និងវេរប្រគេនព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ។ នៅក្នុងពិធីបុណ្យអង្គកឋិននោះផងដែរ!លោកនាយឧត្តមសេនីយ៍ មានប្រសាសន៏ថា៖ ក្រោមនយោបាយឈ្នះឈ្នះរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រមុខដឹកនាំបានធ្វើឱ្យព្រះពុទ្ឋសាសនាមានការរីកចម្រើនគ្រប់ទីកន្លែងទូទាំងប្រទេសមិនតែប៉ុណ្ណោះពុទ្ធចក្រ និងអាណាចក្រកំពុងត្រូវបានដើរទន្ទឹមគ្នាហើយក៏មិនអាចខ្វះមួយណាបានឡើយ។ ហើយថ្ងៃនេះយើងទាំងអស់គ្នាកំពុងបានធ្វើបុណ្យកឋិនទានជូនទៅដល់បុព្វការីជន មានមាតាបិតា ជីដូនជីតា និងញាតិកាទាំងប្រាំពីរសណ្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ជាពិសេសយុទ្ឋជន, យុទ្ឋនារីអាវុធហត្ថ ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ និងឧទ្ទិសកុសលទាំងអស់នេះទៅដល់ឯកឧត្តម, លោកជំទាវ, លោកឧកញ៉ា, លោកប្រុស, លោកស្រី បងប្អូនប្រជាពលរដ្ឋជិតឆ្ងាយដែលបានមកចូលរួមក្នុងពិធីបុណ្យកឋិនទាននេះ សូមឱ្យទទួលបានមគ្គផលស្មើៗគ្នា។ បុណ្យកឋិនទានដែលផ្តួចផ្ដើមដោយនាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវបានប្រគេនទេយ្យវត្ថុចង្ហាន់វេរបច្ច័យប្រគេនព្រះសង្ឃមានទឹកប្រាក់សរុបចំនួនៈ៥៤៤,១៨៥,០០០រៀល (ប្រាំរយសែសិបបួនលានមួយរយប៉ែតសិបប្រាំពានន់រៀលគត់រៀល) ។ ក្នុងឱកាសនោះផងដែរ លោក នាយឧត្តមសេនីយ៍ បានជួបសំណេះសំណាលជាមួយក្រុមកីឡាករអុំទូកដោយបានផ្តាំផ្ញើ និងរំលឹកដល់កីឡាករអុំទូកទាំងអស់ខិតខំយកចិត្តទុកដាក់ហ្វឹកហាត់ឱ្យបានសស្រាក់សស្រាំ មានកាយវិការហ្វាហាប់ និងឱ្យបានស្រុះគ្នា មិនតែប៉ុណ្ណោះយើងមិនត្រូវនាំគ្នាមានការធ្វេសប្រហែសឡើយ ត្រូវតែនាំគ្នាយកជ័យជំនះពីដៃគូររបស់យើងឱ្យបានដើម្បីជាកិត្តិយសសំរាប់វត្តទេពវង្សីយើង, ក្រុមគ្រួសារ, ភូមិ ឃុំ ស្រុក ខេត្ត និងកិត្តិយសក្រុមទូករបស់យើង។ ជាចុងក្រោយនាយឧត្តមសេនីយ៍ក៏បានជួយឧបត្ថម្ភក្រុមកីឡាកររួមមានមួក ខោអាវ ភេជ្ជៈ អង្ករ និងថវិការចំនួន ២.០០០.០០០រៀល ដើម្បីហ្វឹកហាត់ចូលរួមប្រកួតប្រជែងក្នុងឱកាស ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព អកអំបុកនឹងសំពះព្រះខែ នៅពេលខាងមុខនេះ ៕