ឧត្តរមានជ័យ៖ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែតុលា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអន្លង់វែង ដឹកនាំដោយ លោក វរសេនីយ៍ទោ ងួន ទ្ធីរិទ្ធ មេបញ្ជាការស្រុក បានចុះបង្រ្កាបករណីប្រើប្រាស់ ឬចែកចាយនូវសារធាតុញៀនខុសច្បាប់ នៅចំណុច (ផ្ទះសំណាក់ឡាក់គីស្តារ២) ស្ថិតនៅភូមិ ស្លែងព័រ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ឈ្មោះ សុខ ម៉ុង ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរធ្វើចំការ បច្ចុប្បន្នរស់នៅភូមិសុក្រម សង្កាត់កូនក្រៀល ក្រុងសំរោង, ឈ្មោះ សៅ សុខថារី ភេទស្រី អាយុ ១៩ឆ្នាំ រស់នៅភូមិលំទងថ្មី ឃុំលំទង ស្រុកអន្លង់វែង
ព្រមទាំងដកហូតវត្ថុតាងម៉ូតូចំនួន ០១គ្រឿង, ម្សៅក្រាមពណ៌សរ (ម៉ាទឹកក)ចំនួន ០៣ថង់, យ៉ាម៉ា(WY) ចំនួន ៤៩ គ្រាប់, ទូរស័ព្ទដៃចំនួន ០២គ្រឿង, ប្រាក់រៀលចំនួន ២០ម៉ឺនរៀល, ជញ្ចីងថ្លឹងចំនួន០១។ បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងចាត់ការតាមនីតិវិធី។