You are currently viewing លោកឧត្តមសេនីយ៍ទោ សៀ សម្បត្តិ អញ្ជើញអធិបតីក្នុងពិធីបិទវគ្គបំប៉នជំនាញបច្ចេកទេសវិទ្យាសាស្ត្រនិងរដ្ឋបាល

លោកឧត្តមសេនីយ៍ទោ សៀ សម្បត្តិ អញ្ជើញអធិបតីក្នុងពិធីបិទវគ្គបំប៉នជំនាញបច្ចេកទេសវិទ្យាសាស្ត្រនិងរដ្ឋបាល

ភ្នំពេញ៖ ព្រឹកថ្ងៃស្រុក ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំពិធីបិទវគ្គបំប៉នជំនាញប៉ូលីសបច្ចេកទេសវិទ្យាសាស្ត្រ និងរដ្ឋបាលឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការ ស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ ស្នងការរង នាយការិយាល័យផែនការគ្រប់គ្រងទិន្នន័យ បទឧក្រិដ្ឋចំណុះស្នងការដ្ឋាន ស្រាវជ្រាវនិងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនាយ នាយរងការិយាល័យផែនការគ្រប់គ្រងទិន្នន័យ បទឧក្រិដ្ឋកងរាជអាវុធហត្ថរាជធានី-ខេត្តជាច្រើនរូបទៀត។
លោក វរសេនីយ៍ទោ គុជ ជនសុទ្ធា នាយរងការិយាល័យផែនការ គ្រប់គ្រងទិន្នន័យបទឧក្រិដ្ឋ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឡើងអានរបាយការណ៍នូវលទ្ធផលបិទវគ្គបំប៉នជំនាញជម្រាបជូនអង្គពិធីថា កម្មវិធីរៀនសូត្រក្នុងវគ្គនេះមានសិក្ខាកាមចំនួនសរុប ៧៣នាក់។ លោក ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ មានប្រសាសន៍ថា ឆ្លងតាមការសិក្សារៀនសូត្ររយៈពេល០៥ថ្ងៃ លទ្ធផលបញ្ចាប់វគ្គបំប៉នជំនាញការងារបច្ចេកទេសវិទ្យាសាស្រ្តនិងរដ្ឋបាលឆ្នាំ២០១៩នេះ និងតាមរយៈគណៈគ្រប់គ្រងវគ្គ បានវាយតំលៃនៅក្នុងការសិក្សារបស់សិក្ខាកាមទាំអងអស់ជាទូទៅទទួលបានលទ្ធផលល្អប្រសើរ។ ទោះបីពេលវេលាខ្លីសម្រាប់សិក្ខាកាមក៏ដោយ តែវាជាផ្នែកមួយដែលបានជួយជម្រុញក្នុងការអនុវត្តជំនាញ ឱ្យមានប្រសិទ្ធភាពខ្ពស់។ មិនតែប៉ុណ្ណោះវគ្គបំប៉នជំនាញនេះ បានដាស់តឿនរំលឹកនូវអ្វីដែលយើងបានរៀនសូត្រកន្លងទៅ និងការស្វែងយល់បន្ថែមនូវបទពិសោធន៍ទៅវិញទៅមក រវាងជំនាញតាមបណ្តោរាជធានី-ខេត្ត និងជំនាញនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ បន្ទាប់មក ឧត្តមសេនីយ៍ទោបានបញ្ចាក់ទៀតថាៈជំនាញបច្ចេកទេសវិទ្យាសាស្រ្ត និងរដ្ឋបាលមើលទៅហាក់ដូចជាធម្មតាធាតុពិតវាមានសារសំខាន់ណាស់ចំពោះស្នងការដ្ឋានស្រាវជ្រាវនិងបង្ក្រាបបទល្មើស ក្នុងការអនុវត្តភារកិច្ចជូនអង្គភាពកងរាជអាវុធហត្ថ នេះជាការងារដែល នាយ នាយរងការិយាល័យជំនាញធ្លាប់បានធ្វើ នឹងអនុវត្តកន្លងមក។ ជាចុងក្រោយឧត្តមសេនីយ៍ ក៏បានផ្តាំផ្ញើ និងរំលឹកដល់សិក្ខាកាមទាំងអស់ដែលបានបញ្ចប់វគ្គនេះ ហើយពេលត្រឡប់ទៅអង្គភាពវិញ ត្រូវយកចំណេះដឹងដែលខ្លួនបានសិក្សារៀនសូត្ររួចហើយ យកទៅជួយបង្ហាត់បង្រៀនដល់នាយ នាយរង និងពលអាវុធហត្ថ តាមបណ្ដោអង្គភាពរបស់ខ្លួន ឱ្យបានយល់ដឹងជ្រួតជ្រាបគ្រប់ៗគ្នា ជាពិសេសត្រូវបន្តខិតខំសិក្សាស្រាវជ្រាវខ្លួនឯងបន្ថែមទៀត៕