You are currently viewing ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញផ្សព្វផ្សាយខ្លឹមសារជំនួយស្មារតីសម្រាប់វេទិកាសាធារណៈ ស្ដីពីសភាពការណ៍ថ្មីៗ (ឧបាយកល សកម្មភាពពួកឧទ្ទាម)

ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញផ្សព្វផ្សាយខ្លឹមសារជំនួយស្មារតីសម្រាប់វេទិកាសាធារណៈ ស្ដីពីសភាពការណ៍ថ្មីៗ (ឧបាយកល សកម្មភាពពួកឧទ្ទាម)

ស្វាយរៀង៖ ព្រឹកថ្ងៃពុធ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានរៀបចំពិធីផ្សព្វផ្សាយខ្លឹមសារជំនួយស្មារតី សម្រាប់វេទិកាសាធារណៈ ស្ដីពីសភាពការណ៍ថ្មី (ឧបាយកល សកម្មភាពពួកឧទ្ទាម) និងផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្ត ក្រោមអធិបតីភាព លោក ឧត្ដមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីមេបញ្ជាការរង លោកនាយរងសេនាធិការដ្ឋាន លោក លោកស្រីនាយការិយាល័យ និងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តស្វាយរៀងជាច្រើនរូបទៀត។
លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី បានមានប្រសាសន៍ថា ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើឱ្យកងរាជអាវុធហត្ថមានការរីកចម្រើន និងមានឈ្មោះល្បីរហូតមកដល់សព្វថ្ងៃ ព្រមទាំងសមិទ្ធផលជាច្រើនដែលកម្លាំងកងរាជអាវុធហត្ថខិតខំកសាងកន្លងមក។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានបន្ដទៀតថា យើងទាំងអស់គ្នាជាកងកម្លាំងប្រដាប់អាវុធ ត្រូវការពារដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសការពាររាជរដ្ឋាភិបាល ដែលកើតឡើងដោយការបោះឆ្នោត ហើយប្រឆាំងដាច់ខាតចំពោះ ឧបាយកល សកម្មភាពពួកឧទ្ទាម ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នឹងចង់សម្លាប់ជាតិឯង ដែលបច្ចុប្បន្នប្រទេសជាតិកំពុងតែមានការរីកចម្រើន និងមានការអភិវឌ្ឍន៍ឈានទៅមុខ។
ជាចុងក្រោយលោក ឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណចំពោះកម្លាំងកងរាជអាវុធហត្ថទាំងអស់ដែលខិយខំប្រឹងប្រែងបំពេញភារកិច្ចកន្លងមក និងជូនពរដល់បងប្អូនកងកម្លាំងមានសុខភាពល្អ ក្រុមគ្រួសាររកស៊ីទទួលទានមានបាន និងជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ឱ្យ។