ភ្នំពេញៈ វេលាម៉ោង១៧ និង៤៥នាទី ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ ចំនុចមុខស្ថានីយ៍ ប្រេងតេលា ផ្លូវជាតិលេខ៥ សង្កាត់ស្រះចក កម្លាំងអាវុធហត្ថខណ្ឌដូនពេញបាន ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់អាវុធខ្លីខុសច្បាប់ (ប្រភេទបាញ់គ្រាប់កាំកង់) គំរាមសណ្តាប់ធ្នាប់សាលាខណ្ឌដូនពេញ ដែលមិនព្រមដោះលែងឡានដឹកឥវ៉ាន់ទំងន់ ២.៥តោន របស់បក្សពួកគេ.
បើតាមភ្នាក់ងារ GRK News បានអោយដឹងថា ជនសង្ស័យមាឈ្មោះ ឈុំ ពិឆៃ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបើកបរឡាន ស្នាក់នៅផ្ទះលេខ៩១ ផ្លូវបេតុង ភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ ភ្នំពេញ។
មុនពេលកើតហេតុ កំម្លាំងសណ្តាប់ធ្នាប់ខណ្ឌដូនពេញបានឃាត់ រថយន្ត០១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៏ខៀវ ប្រភេទ២,៥តោន ពាក់ស្លាកលេខ ភ្នំពេញ 3A 9198 ដែលបើកចូលក្រុងខុសម៉ោងកំណត់របស់សាលារាជធានី។ គ្រាន់តែឃាត់រថយន្តភ្លាមស្រាប់តែជនសង្ស័យខាងលើបានជិះម៉ូតូ០១គ្រឿងម៉ាកអ៊ែប្លេត ជាមួយនិងបក្សពួក០២នាក់ទៀត បានចុះមកអន្តរាគមន៏ សុំអោយខាងសណ្តាប់ធ្នាប់ខណ្ឌដោះលែងឡានរបស់បក្សពួកគេ ប៉ុន្តែខាងសណ្តាប់ធ្នាប់ឆ្លើយបដិសេធ ធ្វើអោយជនសង្ស័យខឹងក៏បានលើកអាវសើយឡើងលើ បញ្ចេញកាំភ្លើង ដែលសៀតនៅចង្កេះ ហើយនិយាយខ្លាំងៗថាសុតតែគ្នាឯងទេ ចាំបាច់ធ្វើអញ្ចឹងធ្វើអី?ពួកអែងអាងស្បែកអី? ក្រោយនិយាយចប់ជនសង្ស័យបានយកដៃកាន់កាំភ្លើងបំរុងនិងដក ស្រាប់តែសណ្តាប់ ធ្នាប់ឈ្មោះ អ៊ុក គង្គា បានយកដៃទៅទប់ពីលើមិនអោយដក ដោយនិយាយបែបសំរុះសំរួល ពន្យាពេល ដើម្បីអោយកម្លាំងអាវុធហត្ថយើងចុះជួយអន្តរាគមន៏។
ពេលទទួលពត៏មានភា្លមកម្លាំងល្បាតយើងបានចុះកន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យនិងចាប់យកវត្ថុតាងយកមកទីបញ្ជាការ រីឯរថយន្តនិងតៃកុងឡានប្រគល់អោយសាលាខណ្ឌដូនពេញធ្វើការផាកពិន័យ ចំនែកបក្សពួក០២នាក់ទៀតដែលឌុបជនសង្ស័យមកបានជិះគេចខ្លួនបាត់មុនពេលកម្លាំងយើងទៅដល់។
+វត្ថុតាងចាប់យករួមមាន៖
០១. អាវុធខ្លី ០១ដើម ពណ៏ខ្មៅ បង់១ គ្មានគ្រាប់ ជាប្រភេទបាញ់គ្រាប់កាំកង់
០២. ទូរស័ព្ទដៃ ចំនួន០២គ្រឿង
០៣. កូនសោមួយចំនួន
០៤. ដែកកេះចំនួន២ និងឧបករណ៏សំរាប់សេពគ្រឿងញៀនមួយចំនួន។
ក្រោយឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថារូបគេពិតជាបានប្រព្រឹត្តសកម្មភាពខាងលើដូចការចោទប្រកាន់របស់សណ្តាប់ធ្នាប់ខណ្ឌពិតប្រាកដមែន ហើយអាវុធខ្លី និងកាបូបដែលមានឧបករណ៏សំរាប់សេពគ្រឿងញៀននោះគឺឈ្មោះ ម៉ី សុភ័ក្រ្ត ភេទប្រុស ជាទាហ៊ាននៅកងស្ថាបនាស្ពានលេខ៧១៥ ជាអ្នកយកមកផ្ញើរ។
បច្ចុប្បន្នជនរងគ្រោះដែលជាសណ្តាប់ធ្នាប់ខណ្ឌ ០២នាក់បានមកដាក់ពាក្យបណ្តឹង នៅអាវុធហត្ថខណ្ឌដូនពេញ។
ជនសង្ស័យ និងវត្ថុតាងត្រូវកម្លាំងអាវុធហត្ថខណ្ឌដូនពេញ កំពុងកសាងសំណុំរឿង បញ្ចូនបន្តទៅអាវុធហត្ថរាជធានី ដើម្បីចាត់ការបន្តតាមនីតិវិធី។