You are currently viewing សិក្ខាកាមវគ្គបំប៉នជំនាញប្រឆាំងការជួញដូរមនុស្ស ត្រូវបានបើកវគ្គនៅថ្ងៃនេះ!

សិក្ខាកាមវគ្គបំប៉នជំនាញប្រឆាំងការជួញដូរមនុស្ស ត្រូវបានបើកវគ្គនៅថ្ងៃនេះ!

ភ្នំពេញ៖ ដោយអនុវត្តតាមសច្ចាប័នលេខ ៥៤/ផក២០១៩ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ស្តីពីផែនការបំប៉នជំនាញប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៩ របស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានរៀបចំពិធីបើកវគ្គបំប៉នជំនាញប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី សូរ សារិន ស្នងការរង ស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោក ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការ ស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។
ឧត្តមសេនីយ៍ត្រី សូរ សារិន បានមានប្រសាសន៍ថា៖ ពិធីបើកវគ្គសិក្សានេះគឺដោយបានការជ្រមជ្រែងនិងយកចិត្តទុកដាក់ខ្ពស់ ពីលោក នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជុំវិញជំនាញវិជ្ជាជីវៈរបស់មន្ត្រីនគរបាលយុត្តិធម៌ និងនគរបាលបច្ចេកទេសវិទ្យាសាស្ត្រនៃកងរាជអាវុធហត្ថទូទាំងប្រទេស ដើម្បីលើកំពស់សមត្ថភាព និងប្រសិទ្ធភាពការងារ ជំនាញស្រាវជ្រាវ និងបង្ក្រាបបទល្មើសរបស់កងរាជអាវុធហត្ថ ក្នុងនោះយើងត្រូវចេះចងចាំអំពីទ្រឹស្តីពាក់ព័ន្ធបទល្មើស ការវិវឌ្ឍនៃអំពើល្មើស និងវិធានការជាមូលដ្ឋានពាក់ព័ន្ធទៅនឹងតួនាទីភារកិច្ចនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ ជាពិសេសគឺជំនាញប្រឆាំងការជួញដូរមនុស្ស មិនតែប៉ុណ្ណោះអស់លោកត្រូវរកឯកទេសគូបផ្សំទៅនឹងបទពិសោធន៍ ដែលខ្លួនធ្លាប់បានអនុវត្តនៅក្នុងអង្គភាពរបស់ខ្លួនកន្លងមក ហើយបង្កើតជាសំណួរដល់លោកគ្រូបង្រៀនមកពីស្ថាប័នខាងក្រៅដើម្បីឱ្យលោកគ្រូចែករំលែកនូវចំណេះដឹងដល់អស់លោក។ជាមួយគ្នានោះផងដែរ ឧត្តមសេនីយ៍ក៏បានផ្ដាំផ្ញើ និងរំលឹកដល់សិក្ខាកាមទាំងអស់ ត្រូវមានវិន័យម៉ឺងម៉ាត់ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈកងរាជអាវុធហត្ថ គោរពវិន័យកងទ័ព គោរពបទបញ្ជាសាលា ព្រមទាំងខិតខំប្រឹងប្រែងព្យាយាមរៀនសូត្រឱ្យអស់ពីសមត្ថភាព។ ចំពោះចំណងសាមគ្គីភាពផ្ទៃក្នុងងវិញត្រូវមានភាពស្អិតរមួត និងរឹងមាំ ចេះសួរជជែកពិភាគ្សាគ្នា ដើម្បីលើកជាយោបល់ផ្តល់ជាសំណួរដល់លោកគ្រូ ដើម្បីពង្រីកឱ្យទំហំនៃវគ្គសិក្សារបស់សិក្ខាកាមបានដំណើរការទៅដោយរលូនដែលលោកគ្រូបានចំណាយពេលវេលាដ៏មានតម្លៃមកធ្វើបទបង្ហាញ និងឧទ្ទេសនាមនូវកម្រងឯកសារមូលដ្ឋានមួយចំនួនពាក់ព័ន្ធទៅនឹងជំនាញនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រដល់កងរាជអាវុធហត្ថ៕