តាកែវ៖ នៅវេលាម៉ោង ៥ និង ៣០នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយទទួលបានបទបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន និងកម្លាំងមូលដ្ឋានអហស្រុកគីរីវង់ ដឹកនាំដោយលោក វរៈសេនីយ៍ទោ លឹម ពិសិដ្ន នាយរងសេនាធិការ ដោយមានការចូលរួមពី លោក ស៊ុត ខុន អភិបាលនិងជាប្រធានគណៈបញ្ជាការឯកភាពស្រុកគីរីវង់ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងបានចុះបង្ក្រាបទីតាំងស្តុកកញ្ឆាក្រៀម និងទីតាំដាំកញ្ឆា នៅជ្រោះកញ្ច្រែង ស្ថិតនៅភូមិឈើទាលភ្លោះ ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ ដោយឃាត់ខ្លួនជនសង្ស័យបាន ០១នាក់ ឈ្មោះ ធីម ណា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ ព្រមទាំងបានចាប់យកវត្ថុតាងកញ្ឆាក្រៀមចំនួន ១៦បាវទំងន់ ៩៨គីឡូក្រាម, ទូរសព្ទ័ ០១គ្រឿងម៉ាក, រថយន្ត ០១គ្រឿង និងបានធ្វើការបំផ្លាញដំណាំកញ្ឆានៅនិងកន្លែងបាន ៣,៣៥០ដើម ស្មើរ ០៤ទីតាំង គិតផ្ទៃដី ៧០០០ម៉ែត្រការ៉េ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបាននាំមកការិយាល័យជំនាញដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕