កងរាជអាវុធហត្ថបានសង្កេតឃើញថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានការបញ្ចេញមតិជាច្រើននៅលើបណ្តាញសារព័ត៌មាននានា ពាក់ព័ន្ធនឹងកិត្តិយស កេរ្តិ៍ឈ្មោះរបស់នាយទាហាននៃកងរាជអាវុធហត្ថ ក្រោយពីការប្រារព្ធពិធីផ្សព្វផ្សាយនូវសេចក្តីសម្រេច ស្តីពីការអនុវត្តទណ្ឌកម្មផ្នែកវិន័យចំពោះនាយទាហាននៃកងរាជអាវុធហត្ថ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ទីកន្លែងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរងនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ខ្ញុំបាទឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមជម្រាបជូនអ្នកសារព័ត៌មាន និងសាធារណជន មេត្តាជ្រាបថា កងរាជអាវុធហត្ថក្រោមការដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ និងតម្កល់ច្បាប់ជាធំក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន។ ជាក់ស្តែងកន្លងទៅ មានបាតុភាពមិនប្រក្រតីក្នុងការអនុវត្តតួនាទី ភារកិច្ចនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង ក្រុមការងារអធិការកិច្ចបានចុះទៅធ្វើការស្រាវជ្រាវរកឱ្យឃើញការពិត ដើម្បីប្រជុំជួរបញ្ជាការសម្រេចជាឯកច្ឆន្ទ ទើបចេញនូវសេចក្តីសម្រេចរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីសម្រេចដាក់ទណ្ឌកម្មផ្នែកវិន័យនេះ ទៅលើនាយទាហានចំនួន៥រូប តាមកម្រិតនៃកំហុសឆ្គងរបស់ខ្លួន ដើម្បីឱ្យធ្វើការកែប្រែនូវកំហុសឆ្គងដែលបានប្រព្រឹត្តនាពេលកន្លងទៅ ក្នុងនោះរួមមាន៖ ១-ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង ២-វរសេនីយ៍ឯក សាម ប៊ុនធឿន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបាត់ដំបង ៣-អនុសេនីយ៍ឯក ជួប ណូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំឡូត ៤-អនុសេនីយ៍ឯក ឈឿន សុផាត មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំឡូត និង៥-នាយចំណង់ ណុប សំអឿន ជំនួយការកងរាជអាវុធហត្ថស្រុកសំឡូត។
ខ្ញុំបាទសូមបញ្ជាក់ថា ការបញ្ចេញមតិ គឺជាសិទ្ធិសេរីភាព ប៉ុន្តែសូមគោរពនូវក្រមសីលធម៌ វិជ្ជាជីវៈរបស់ខ្លួន។ ការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មិនត្រូវឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាព កិត្តិយស កេរ្តិ៍ឈ្មោះរបស់អ្នកដទៃឡើយ ត្រូវប្រព្រឹត្តតាមលក្ខខណ្ឌកំណត់ក្នុងច្បាប់។ រីឯបុគ្គលដែលបញ្ចេញមតិមូលបង្កាច់ បង្ខូចកេរ្តិ៍ឈ្មោះ លាបពណ៌ ញុះញង់ ក្នុងន័យបំបែកបំបាក់ផ្ទៃក្នុងកងរាជអាវុធហត្ថ យើងខ្ញុំមិនអាចទទួលយកបានទេ។ យើងខ្ញុំរីករាយ និងស្វាគមន៍ទទួលយករាល់ការរិះគន់ មតិដើម្បីស្ថាបនា។ ជាមួយគ្នានេះដែរ យើងខ្ញុំក៏សូមអរគុណដ៏ជ្រាលជ្រៅចំពោះការចូលរួម និងគាំទ្រនូវសកម្មភាពការងាររបស់កងរាជអាវុធហត្ថពីសំណាក់អ្នកសារព័ត៌មាន និងសាធារណជន នាពេលកន្លងមក។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអ្នកសារព័ត៌មាន និងសាធារណជនទាំងអស់មេត្តាជ្រាប។