ភ្នំពេញ៖ រសៀលថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានប្រជុំបូកសរុបការងារជំនាញហិរញ្ញវត្ថុកងរាជអាវុធហត្ថទូទាំងរាជធានី-ខេត្តប្រចាំឆ្នាំ២០១៩ និងទិសដៅបន្តឆ្នាំ២០២០ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ នាយរងសេនាធិការនិងជានាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពីនាយរងការិយាល័យហិរញ្ញវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនាយការិយាល័យហិរញ្ញវត្ថុ តាមបណ្តារាជធានី-ខេត្ត ព្រមទាំងហិរញ្ញវត្ថុកងវរអន្តរាគមន៍ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាច្រើនរូបទៀត។ លោកឧត្តមសេនីយ៍ទោ បានធ្វើការបូកសរុបការងារ និងបានដាក់ចេញនូវផែនការបន្តដល់ជំនាញហិរញ្ញវត្ថុទាំងអស់យកទៅអនុវត្តដោយពង្រឹងការបែងចែកឱ្យដល់ដៃនាយ នាយរងកងរាជអាវុធហត្ថ និងហាមដាច់ខាតមិនឱ្យបើកជាកញ្ចប់ មិនអនុញ្ញាតឱ្យកាត់កងប្រាក់បៀវត្សទោះបីនៅក្នុងប្រការណាក៏ដោយ ការកត់បញ្ជីស្នាមរក្សាទុកសៀវភៅឯកសារឱ្យបានល្អ និងគ្រប់គ្រងឱ្យបានគង់វង្សហើយហាមដាច់ខាតមិនឱ្យយកឯកសារការបើកប្រាក់បៀវត្សទៅបង្ហោះតាម Facebook និងតេលេក្រាម សីលធ៌មបូកនឹងវិន័យនៃការនិយាយស្តីជាមួយនាយនិងពលអាវុធហត្ថឱ្យមានជីវធ៌ម និងសេចក្កីថ្លៃថ្នូរនៃកងរាជអាវុធហត្ថ។ ជាចុងក្រោយលោក ឧត្តមសេនីយ៍ក៏បានធ្វើការសរសើរដល់ជំនាញទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ ក្នុងការបើកប្រាក់បៀវត្សជូនដល់នាយ-នាយរង និងពលអាវុធហត្ថនៅ២០១៩នេះទទួលបានជោគជ័យ៕