You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង​បញ្ជូនជនសង្ស័យ​ ០២នាក់​ ទៅតុលាការ!

កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង​បញ្ជូនជនសង្ស័យ​ ០២នាក់​ ទៅតុលាការ!

ស្វាយរៀង​៖​ នៅវេលាម៉ោង ២២ និង ១០ នាទីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត​ ដឹកនាំដោយលោក វរសេនីយ៍ទោ ខាំ ណាន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត​ បានសហការជាមួយកម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត​ ដឹកនាំដោយលោក វរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង​ កងរាជអាវុធហត្ថខេត្តស្វាយរៀង​ បានចុះបង្ក្រាបករណីរក្សាទុក​ ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឈួ សុផាន ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុនរបារមិនពិតប្រាកដ​ ស្រុកកំណើត ភូមិអូតាគាំ ឃុំទួលតាឯក ស្រុក ស្វាយប៉ោ ខេត្តបាត់ដំបង​ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ រហូតដល់វេលាម៉ោង ០៤ និង ៥១នាទី ព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ អ៊ីវ ចាន់រិទ្ធី ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើត ភូមិស្មោង ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ​ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

វត្ថុតាងចាប់យកមានម្សៅក្រាមពណ៌សថ្លា ១៤កញ្ចប់, ទូរស័ព្ទដៃចំនួន ៦គ្រឿង, ជញ្ជីងថ្លឹងថ្មាំញៀនចំនួន០១ គ្រឿង, លោហៈធាតុពណ៌លឿង (កងដៃ)​ ០១វង់, ប្រាក់ដុល្លា ០១ដុល្លា, ប្រាក់រៀល​ ១២៣,០០០រៀល, ប្រាក់ដុង ៣០០,០០០ដុង, សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។

 បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅតុលាការ។