កំពង់ឆ្នាំង : នៅព្រឹកថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែមករា ទិសដៅការងារខែកុម្ភៈ ឆ្នាំ២២០២០ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ តាមបណ្តាមូលដ្ឋាន ក្រុង-ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។
នាឱកាសនោះលោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការបានដាក់ចេញនូវវិធានការ និងទិសដៅរួមមាន៖ នៅពេលទៅធ្វើកិច្ចការអ្វីមួយត្រូវអនុវត្តទៅតាមច្បាប់ និងក្រមសិលធម៌ ហាមប្រើអំពើហឹង្សា, មេបញ្ជាការ ក្រុង-ស្រុក ស្នាក់ការសន្តិសុខ មុនចេញទៅបំពេញភារៈកិច្ចផ្សេងៗ ត្រូវសុំគោលការណ៍ពីលោកមេបញ្ជាការជាមុនសិន, ពេលចុះសហការរឿងទំនាស់ដីធ្លី សុំឱ្យពិនិត្យឯកសារពាក់ព័ន្ធឱ្យបានច្បាស់លាស់ ប្រសិនបើគេមានឯកសារត្រឹមត្រូវឱ្យគាត់អនុវត្តទៅតាមច្បាប់ បើឯកសារមិនច្បាស់លាស់ប្រគល់ឱ្យអាជ្ញាធរដោះស្រាយ, ការពារបុណ្យចូលឆ្នាំចិន កម្លាំងត្រូវយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់ តាមដានមុខសញ្ញា ចោរលួច ចោរឆក់ ទាំងមុខសញ្ញាចាស់ ថ្មី ពិសេសសកម្មភាពក្មេងទំនើង នៅតាមកន្លែងកំសាន្តផ្សេងៗ និងនៅតាមសាលារៀន, ផ្នែកព័ត៌មាន និងសន្តសុខ ត្រូវកសាងបណ្តាញភ្នាក់ងារផ្តល់ព័ត៌មាន ក្នុងមួយភូមិឱ្យបាន ០៤ នាក់, នៅពេលចាប់បានជនល្មើស ហាមធ្វើទារុណកម្ម គឺត្រូវប្រមូលវត្ថុតាង កសាងសំណុំរឿងតាមនីតិវិធី បើសិនជាជនល្មើសមានអាវុធ ត្រូវរាយការណ៍សុំគោលការណ៍ ដើម្បីមានវិធានការ, មេបញ្ជាការរងប្រចាំបញ្ជាតាមថ្ងៃនីមួយៗ តាមដានសភាពការប្រចាំថ្ងៃ និងពិនិត្យក្រុមប្រចាំការ ត្រូវមានមុខជាប្រចាំតាមថ្ងៃកំណត់, មុខសញ្ញាដែលបានចេញបញ្ជាឱ្យចាប់ខ្លួន ត្រូវព្រីនរូបថតដាក់តាមប្រជាការពារ ហើយស្រាវជ្រាវចាប់ឱ្យបាន,ត្រូវតែបង្ក្រាបជាដាច់ខាតនូវរាល់បទល្មើសព្រៃឈើ,ចំពោះបញ្ហាអាវុធហត្ថដែលមានជំងឺ សុំឱ្យការិយាល័យបុគ្គលិក និង ការិយាល័យសុខាភិបាលធ្វើបញ្ជីឈ្មោះ និងចុះទៅពិនិត្យដោយផ្ទាល់ ហើយរាយការណ៍ពីស្ថានភាពជំងឺជូនលោកមេបញ្ជាការ ។