ស្វាយរៀង៖ ព្រឹកថ្ងៃអង្គារ ទី០៣ ខែមីនា ឆ្នាំ២០២០សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យ ០១នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (លួចម៉ូតូ) កាលពីម៉ោង ១:៣០នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ។ សូមបញ្ជាក់ថា៖ នៅវេលាម៉ោង ១៩:០០នាទីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ឈ្មោះ សៅ ចិត្រា ភេទប្រុស អាយុ ៣៦ឆ្នាំ មានមុខរបរអាជីវករ មានទីលំនៅភូមិពាធិ៍ ឃុំមេសថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង បានមកប្តឹងសមត្ថកិច្ចមូលដ្ឋានកងរាជអាវុធហត្ថស្រុកចន្រ្ទា ថាមានជនមិនស្គាល់អត្តសញ្ញាណបានលួចម៉ូតូរបស់ខ្លួន កាលពីម៉ោង ១ជាង ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅផ្ទះរបស់ខ្លួន។
ក្រោមបញ្ជាផ្ទាល់ លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដាក់បទបញ្ជាឱ្យមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកចន្រ្ទា សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោក វរសេនីយ័ទោ ខាំ ណាន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ធ្វើការស្រាវជ្រាវ។ រហូតដល់ម៉ោង ២១:១០នាទី ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ បានឃើញជនសង្ស័យ នៅចំណុចខាងមុខកាស៊ីណូថាយថិន ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្តក្រុងបាវិត បានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ចឹង មិនវ៉ាង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតឹងពូ ឃុំដុងថាន់ ស្រុកចូវថាន់ ខេត្តដុងថាប ប្រទេសវៀតណាម ។
វត្ថុតាងចាប់យកមានម៉ូតូ ០១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ។