ស្វាយរៀង៖ រសៀលថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំជួរបញ្ជាការ។ ពិធីនេះក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីមេបញ្ជាការរង លោកនាយរងសេនាធិការដ្ឋាន លោកនាយការិយាល័យ។ ក្នុងនោះដែរ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ មានប្រសាសន៍ណែនាំក្នុងអង្គប្រជុំ រួមមានពង្រឹងបណ្ដាញក្ដាប់យកព័ត៌មាន ឬព្រឹត្តិការណ៍សំខាន់ៗទាំងជាតិ និងអន្តរជាតិ ដែលបង្កឱ្យវឹកវរដល់សង្គមនៅជុំវិញខេត្ត, ពង្រឹងការងារតាមជំនាញរបស់ខ្លួនបន្ថែម, បន្ដការស្រាវជ្រាវមុខសញ្ញាបទល្មើស, បញ្ហាការស្នាក់នៅការហូបចុក និងការធ្វើអនាម័យ, ត្រូវបណ្ដុះបណ្ដាលធនធានមនុស្សបន្ថែម, ពង្រឹងវេនប្រចាំបញ្ជាប្រចាំថ្ងៃ និងរៀបចំផែនការការពារសង្រ្កានឆ្នាំ២០២០។ ជាចុងក្រោយលោក ឧត្តមសេនីយ៍ ក៏បានផ្ដាំផ្ញើ និងជូនពរដល់នាយទាហាន នាយទាហានរងទាំងអស់មានសុខភាពល្អ មានសុភមង្គលក្នុងគ្រួសារ គ្រួសាររកស៊ីទទួលទានមានបានគ្រប់ៗគ្នា ជាពិសេសជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ជូន៕