You are currently viewing ឧត្តមសេនីយ៍ត្រី សែ វុទ្ធី បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ!

ឧត្តមសេនីយ៍ត្រី សែ វុទ្ធី បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ!

ស្វាយរៀង៖ ព្រឹកថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែមីនា ទិសដៅការងារខែមេសា ឆ្នាំ២០២០ និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី១០៩ ទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ”មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ”។
ពិធីនេះក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីមេបញ្ជាការរង លោកនាយរងសេនាធិការដ្ឋាន លោក លោកស្រីនាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង-ស្រុកទាំង៨ និងនាយអាវុធហត្ថខេត្តជាច្រើនរូបទៀត។
ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី បានមានប្រសាសន៍ថា ស្ត្រីជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការអភិវឌ្ឍន៍គ្រួសារ និងសង្គមជាតិ ដែលមិនអាចខ្វះបាន ការប្រារព្ធធ្វើឡើង ក្នុងទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២០ នេះពិតជាចំគោលដៅ ដើម្បីលើកកម្ពស់ស្ថានភាពជីវភាព សិទ្ធិសេរីភាព ឋានៈតួនាទីរបស់ស្រ្តី នៅក្នុងសង្គម ក្នុងនាមយើងជាកម្លាំងកងរាជអាវុធហត្ថនឹងបន្តគាំទ្រ ជំរុញដល់ស្ដ្រីក្នុងការចូលរួមជាស្នូលដ៏សំខាន់ក្នុងការបំពេញកិច្ចការងារជួយជាតិ មាតុភូមិ។ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានផ្តល់ជូនដល់អាវុធហត្ថនារីចំនួន ១២នាក់ ក្នុងម្នាក់ៗទទួលបានក្រណាត់សំពត់ហូលមួយ ក្រណាត់អាវប៉ាក់មួយ និងថវិកាចំនួន ៥០,០០០រៀល។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ មានប្រសាសន៍ណែនាំក្នុងអង្គប្រជុំ៖ លោកឧត្តមសេនីយ៍ បានលើកសសើរដល់នាយទាហាន នាយទាហានរងទាំងអស់ដែលខិតខំធ្វើការងារកន្លងមក ដោយបានទទួលស្គាល់ និងកោតសសើរពីសំណាក់ថ្នាក់ដឹកនាំ ក្រសួងការពារជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកអភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង។ ត្រូវពង្រឹងបណ្ដាញក្ដាប់យកព័ត៌មាន ដែលបង្កឱ្យវឹកវរដល់សង្គមនៅជុំវិញខេត្ត, បន្ដការស្រាវជ្រាវមុខសញ្ញាបទល្មើស, ថែរក្សាសម្ភារៈបរិក្ខាដែលមានស្រាប់ និងធ្វើការវាយតម្លៃទៅលើអគារ សម្ភារៈប្រើប្រាស់ មធ្យោបាយធ្វើដំណើរ។
ជាចុងក្រោយលោក ឧត្តមសេនីយ៍ មេបញ្ជាការផ្ដាំផ្ញើ និងជូនពរដល់នាយទាហាន នាយទាហានរងទាំងអស់មានសុខភាពល្អ មានសុភមង្គលក្នុងគ្រួសារ គ្រួសាររកស៊ីទទួលទានមានបានគ្រប់ៗគ្នា ជាពិសេសជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ឱ្យ៕