កណ្តាល៖ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថ ខេត្តកណ្តាល សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ នៅចំណុចភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់សាលាដំបូងខេត្តកណ្តាល ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស(គាស់ផ្ទះលួចទូរស័ព្ទ) ដែលប្រព្រឹត្តក្នុងឆ្នាំ២០១៩ និង ឆ្នាំ២០២០ ក្នុងភូមិសាស្រ្តខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ ថា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ថា បានឆ្លើយសារភាពថា ខ្លួនធ្លាប់បានធ្វើសកម្មភាពយកកន្ត្រៃកាត់ដំបូលផ្ទះ និងប្រើអង្រឹងអំបោះសម្រូតចុះ ឡើង លួចទូរស័ព្ទជាច្រើនលើក មាននៅខេត្តកណ្តាល ខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម និងខេត្តបាត់ដំបង៘ ហើយទូរស័ព្ទដែលលួចបានគឺយកទៅលក់ឲ្យឈ្មោះ អូន នៅម្តុំផ្សារសាំហាន់។ កន្លងមកខ្លួន ធ្លាប់ជាប់ពន្ធនាគាររយៈពេលមួយឆ្នាំពីបទលួចទ្រព្យសម្បត្តិ។
ដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បន្តឃាត់ខ្លួនជនសង្ស័យ០១នាក់ទៀត ឈ្មោះ អូន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់ទូរស័ព្ទ មានទីលំនៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ពីបទទទួលផលចោរកម្ម។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ អូន បានឆ្លើយសារភាពថា ខ្លួនពិតជាបានទិញទូរស័ព្ទពីឈ្មោះ ថា ពិតប្រាកដមែន។
វត្ថុតាងដកហូតៈ
ម៉ូតូ ចំនួន ០១គ្រឿង
ទូរស័ព្ទ ចំនួន ១៤៥គ្រឿង
ខោអាវមួយចំនួន
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ និងវត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់រួចរាល់។
សូមរំលឹកផងដែរថា កងរាជអាវុធហត្ថខេត្តកណ្តាល ក៏ធ្លាប់បង្ក្រាបបានមុខសញ្ញាសកម្មខាងគាស់ផ្ទះលក់ទូរស័ព្ទ កាលពីឆ្នាំ២០១៨ មួយករណីផងដែរ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ដកហូតទូរស័ព្ទមកវិញចំនួន ៤៤គ្រឿង លើចំនួនដែលបាត់បង់ប្រហែល២០០គ្រឿង។
ក្នុងនាមអាជ្ញាធរមានសមត្ថកិច្ច សំណូមពរដល់បងប្អូនអាជីវករ(ទិញ លក់ទូរស័ព្ទ) សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការថែរក្សាទ្រព្យសម្បត្តិខ្លួន គឺត្រូវមានកាមរ៉ាសុវត្ថិភាព ទីតាំងលក់ធ្វើឲ្យបានរឹងមាំ និងសម្រាកក្បែរទ្រព្យសម្បត្តិខ្លួន ពិសេសពេលមានចោរកម្មកើតឡើងត្រូវរក្សាវត្ថុតាងឲ្យបានល្អ និងប្តឹងសមត្ថកិច្ចឲ្យបានទាន់ពេល ដើម្បីសមត្ថកិច្ចចេញជួយអន្តរាគមន៍។