ស្វាយរៀង៖ ព្រឹកថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានធ្វើពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រព័ន្ធបច្ចេកវិទ្យា (កុំព្យូទ័រ) និងអប់រំចិត្តសាស្រ្តវគ្គ១ ដល់នាយនាយរងកងរាជអាវុធហត្ថ ខេត្តស្វាយរៀង ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុក-ក្រុងទាំង៨ និងសិក្ខាកាមជាច្រើនរូបទៀត។
លោក ឧត្ដមសេនីយ៍ត្រី មេបញ្ជាការ បានមានប្រសាសន៍ ថ្លែងអំណរគុណ និងកោតសរសើរ នូវគ្រប់ផ្នែកទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំវគ្គហ្វឹកហ្វឺនបំប៉នសិក្ខាកាមនាពេលកន្លងមកឱ្យទទួលបានជោគជ័យគួជាទីមោទនៈ។ ក្នុងនាមលោក មេបញ្ជាការ ផ្ទាល់ក៏សូមនូវការកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះ គណៈកម្មការគ្រប់គ្រងវគ្គ ប្រធានអនុប្រធានគ្រប់គ្រងវគ្គ គ្រូឧទ្ទេសនាម ដែលបានយកអស់នូវកម្លាំងកាយចិត្ត ប្រកបដោយឆន្ទៈ ក្នុងការកសាងធនធានមនុស្សក្នុងជួរកងរាជអាវុធហត្ថ ឱ្យមានសមត្ថភាព គុណភាព និងទេព្យកោសល្យក្នុងការអនុវត្ត តួនាទីភារកិច្ចរបស់ខ្លួននាពេលបច្ចុប្បន្ន និងអនាគត។ វគ្គបណ្ដុះបណ្ដាលនេះ គឺសំដៅទៅលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដោយប្រើនៅបណ្ដាញទំនាក់ទំនងសង្គមមានជាអាទិ ៖ ជីម៉ែល Google Drive តេឡេក្រាម ហ្វេសបុក….ល.។ ដែលបណ្ដាញទំនាក់ទំនងសង្គមទាំងអស់នេះជួយឱ្យយើងមានភាពងាយស្រួលក្នុងការទំនាក់ទំនងជាមួយមជ្ឈដ្ឋានទូទៅ ជាពិសេសទទួលបាននូវព័ត៌មានឆាប់រហ័ស ស្របតាមយុគសម័យថ្មីនេះ ។
កន្លងមកយើងទាំងអស់គ្នា បានខិតខំប្រឹងប្រែង យកអស់ស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការរួមចំណែកអនុវត្តនូវបទបញ្ជារបស់រាជរដ្ឋាភិបាល បទបញ្ជាកងយោធពលខេមរភូមិន្ទ ក៏ដូចជាការទប់ស្កាត់ការប៉ុនប៉ងធ្វើរដ្ឋប្រហារ របស់ក្រុមទណ្ឌិត សម រង្សី ដែលបានធ្វើឱ្យផែនការផ្តូលរំលំរាជរដ្ឋាភិបាលត្រូវបរាជ័យ។ បន្ថែមពីនេះ កងរាជអាវុធហត្ថបានអនុវត្តភារកិច្ចស្នូលសំខាន់ៗ ជាច្រើន ក្នុងនោះមានការងារកសាងធនធានមនុស្ស ការងារកសាងអង្គភាព កន្លែងស្នាក់នៅ កន្លែងធ្វើការ ការងារអប់រំចិត្តសាស្ត្រ ការងារអប់រំហ្វឹកហ្វឺនលើកកម្ពស់សមត្ថភាព ការងារធានា មធ្យោបាយគ្រឿងបំពាក់ ជាពិសេសការងារចិញ្ចឹមថែទាំសុខភាពកងទ័ព និងការអនុវត្តគោលនយោបាយលើកទឹកចិត្ត ការដោះស្រាយទុក្ខលំបាកក្នុងកងរាជអាវុធហត្ថរបស់យើង។ តាមរយៈការខិតខំប្រឹងប្រែងទាំងអស់នេះ បានធ្វើឱ្យកងរាជអាវុធហត្ថមានភាពរឹងមាំ ហើយរ៉ាប់រងយ៉ាងមានប្រសិទ្ធិភាពនូវតួនាទីភារកិច្ច គឺការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ពង្រឹងការអនុវត្តច្បាប់ បង្ក្រាបបទល្មើស រួមចំណែកក្នុងការរក្សាបាននូវសន្តិភាព ស្ថេរភាពនយោបាយ ដែលជាលក្ខណៈមិនអាចខ្វះបាន ក្នុងការកសាង ការអភិវឌ្ឍន ភាពរីកចម្រើន នៃប្រទេសជាតិរបស់យើង។
ជាចុងក្រោយ លោក មេបញ្ជាការ បានផ្តាំផ្ញើដល់ នាយទាហាន របស់យើងទាំងអស់ដែលទើបបញ្ជប់វគ្គបំប៉ននេះ ត្រូវយក ចំណេះជំនាញទាំងអស់នេះ ទៅអនុវត្តការងារភារកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ និងសូមផ្តាំផ្ញើ ដល់នាយទាហានយើងទាំងអស់ ត្រូវបន្តពង្រឹងការអនុវត្តតួនាទី ភារកិច្ច បង្ការ ការពារ ទប់ស្កាត់ និងបង្ក្រាបនូវរាល់បទល្មើស ដើម្បីពង្រឹងនីតិរដ្ឋ ស្របទៅតាមតួនាទីភារកិច្ចទទួលខុសត្រូវរៀងៗខ្លួន ពិសេស បទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន ការជួញដូរមនុស្ស អំពើភេរវកម្ម សកម្មភាពបំផ្លិចបំផ្លាញធនធានធម្មជាតិ អំពើរំលោភច្បាប់ មានជាអាទិ៍ដូចជា៖ ការរត់គេចពន្ធ ជាដើម…។ល។ ក្នុងនោះផងដែរ យើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ថែរក្សា មធ្យោបាយឧបករណ៍ គ្រឿងបំពាក់លើកកម្ពស់ស្មារតីសន្សំសំចៃ ប្រឆាំងភាពខ្ជះខ្ជាយ ពិសេស លើកកម្ពស់មនសិការ ចូលរួមអនុវត្តទិសស្លោក (ជួយគិត ជួយធ្វើ និងរួមគ្នាទទួលខុសត្រូវ) តាមតួនាទីភារកិច្ចរៀងៗខ្លួន។ បន្ថែមពីនេះទៀត លោក មេបញ្ជាការ ផ្ដាំផ្ញើជូនប្រធាស្ថាប័ន អង្គភាពទាំងអស់ ត្រូវយកសិក្ខាកាមដែលទើបនឹងបញ្ចប់វគ្គសិក្សានេះ ទៅបំរើការងារឱ្យត្រូវជំនាញរបស់ពួកគេ និងត្រូវមានសាមគ្គីភាពផ្ទៃក្នុងជាធ្លុងតែមួយ។
ជាទីបញ្ចប់ លោក ឧត្តមសេនីយ៍ មេបញ្ជាការ ប្រសិទ្ធិពរជ័យ ជូនចំពោះ លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តស្វាយរៀងទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណះ សុខះ ពលះ កុំបីឃ្លាងឃ្លាតឡើយ៕