បន្ទាយមានជ័យ៖ នៅវេលាម៉ោង ០២និង៣០នាទី យប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធក្រុង បានចុះល្បាតការពារសន្តិសុខ សណ្ដាប់ធ្នាប់ រក្សាសុវត្ថិភាពក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត លុះដល់ចំណុចកាស៊ីណូផ្កាយ៥ ម្ដុំមាត់អូរ បានប្រទះឃើញមនុស្ស១ក្រុម កំពុងប្រមូលផ្ដុំគ្នាក្នុងសកម្មភាពគួរឱ្យសង្ស័យ កម្លាំងសមត្ថកិច្ចក៏បានធ្វើការសួរនាំ ស្រាប់តែក្រុមមនុស្សទាំងនោះបានរត់គេចខ្លួនអស់តែម្ដង បន្សល់ទុកនូវវត្ថុតាងមួយចំនួននៅកន្លែងកើតហេតុ។
លុះក្រោយមកមានជនសង្ស័យម្នាក់បានត្រឡប់មកសួរសន្តិសុខយាមនៅកាស៊ីណូអំពីសម្ភារៈរបស់ខ្លួនដែលបន្សល់ទុកចោលនៅកន្លែងកើតហេតុ ពេលនោះសន្តិសុខកាស៊ីណូបានរាយការណ៍មកសមត្ថកិច្ច ភ្លាមៗនោះកម្លាំងក៏បានបានធ្វើប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យបានតែម្ដងនៅចំណុចភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងដកហូតបានគ្រឿងញៀនម្សៅក្រាមពណ៌សថ្លា ចំនួន០៤កញ្ចប់ ស្មើ ១,៦ក្រាម និងកាំបិតចំនួន០៤ដើម ហើយបញ្ជូនមកបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ដើម្បីសាកសួរ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ សុខ ប៊ុនធឿន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិក្បាលកោះ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យក្រោយពីធ្វើការសាកសួរ បានឆ្លើយសារភាពថា ខ្លួនពិតជាបានរក្សាទុកនូវសាធាតុញៀនដើម្បីចែកចាយពិតប្រាកដមែន។
ជនសង្ស័យត្រូវបានកម្លាំងអាវុហត្ថក្រុងប៉ោយប៉ែតបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។ ជនសង្ស័យពេលបញ្ជូនមកដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ត្រូវបានកម្លាំងការិយាល័យជំនាញបទល្មើសគ្រឿងញៀនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី។