កណ្តាល៖ ដោយមានការដឹកនាំដោយភាពទទួលខុសត្រូវខ្ពស់ លើសុខទុក្ខរបស់កងកម្លាំងក្រោមឱវាទលោក ឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកណ្ដាល និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ បានដឹកនាំលោក មេបញ្ជាការរង នាយ និងនាយរងថ្នាក់ដឹកនាំក្នុងកងរាជអាវុធហត្ថ ខេត្តកណ្តាល ចុះសួរសុខទុក្ខសំណេះសំណាល ចែកអំណោយ ពិសេសផ្សព្វផ្សាយវិធានការបង្ការការពារទប់ស្កាត់ជំងឺកូវីដ ១៩ ដល់អាវុធហត្ថមានជីវភាពខ្វះខាត គ្រួសារអាវុធហត្ថពលីមរណៈ អតីតយុទ្ធជន ពិការ មានជំងឺ ចំនួន ២២គ្រួសារ ដល់លំនៅដ្ឋាន និងចុះពិនិត្យមើលភូមិសាស្ត្រនានាតាមបណ្តាមូលដ្ឋាន ក្រុង-ស្រុក ពាក់ព័ន្ធមួយចំនួន ។
ក្នុងឱកាសនោះលោក ឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានពាំនាំនូវការសាកសួរសុខទុក្ខផ្តាំផ្ញើពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ បន្ថែមពីលើនោះលោក ឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានចែកជូនដោយផ្ទាល់ ក្នុងមួយគ្រួសារៗ ទទួលបានសម្ភារៈមួយចំនួនរួមមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខរ ទឹកសុទ្ធ ក្រមា សាបូ បន្ទេល ។ល។ និងថវិការមួយចំនួន សរុបជាថវិការទាំងសម្ភារៈ អស់ចំនួនជាង ២០លានរៀល។
តំណាងគ្រួសារ នាយ នាយរង នៃកងរាជអាវុធហត្ថមានជីវភាពខ្វះខាត គ្រួសារអាវុធហត្ថពលីមរណៈ និងគ្រួសារអតីតយុទ្ធជន ពិការ មានជំងឺទាំង ២២គ្រួសារ មានសេចក្តីត្រេកអរជាខ្លាំងពន់ពេក និងបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ លោក នាយឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងថ្នាក់ដឹកនាំផ្សេងៗទៀត ព្រមទាំងប្រតិភូអមដំណើរទាំងអស់ សូមជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈនិងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។