រតនគិរី៖ វេលាម៉ោង ១២:៣០នាទី ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ ដោយមានការសម្របសម្រួលពី លោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី កំលាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំដោយ លោក មេបញ្ជាការអាវុធហត្ថស្រុក បានធ្វើការចុះល្បាត ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ (ព្រៃឈើ) ក្នុងភូមិសាស្រ្តស្រុកអូរយ៉ាដាវ។ កម្លាំងចុះល្បាតដល់ត្រង់ចំណុចនិយាមកា (៦៣៧១៥-១២៧៦៥) ស្ថិតនៅភូមិតេន ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ បានប្រទះឃើញម៉ូតូកែច្នៃចំនួន ០៣គ្រឿង និងគំនរឈើ នៅរាយប៉ាយក្បែរចំការចន្ទីររបស់ប្រជាពលរដ្ឋដែលជនមិនស្គាល់អត្តសញ្ញាណបានដឹកយកមកទំលាក់ទុកចោល ក្នុងភូមិសាស្រ្តខាងលើ ។
ជាលទ្ធផលរឹបអូសបានម៉ូតូប្រភេទកែច្នៃ ចំនួន ០៣គ្រឿង, ឈើប្រភេទ គគី ចំនួន ៦ដុំ និងឈើប្រភេទ សុក្រម ចំនួន ០២ដុំ (ពុំទាន់ធ្វើការវាស់វែង)។ បច្ចុប្បន្នវត្ថុតាងម៉ូតូ និងឈើខាងលើ កំលាំងយើងបានធ្វើការដឹកជញ្ជូនយកមករក្សានៅមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ បណ្ដោះអាសន្ន ដើម្បីរងចាំទុកប្រគល់ជូនទៅឱ្យជំនាញរដ្ឋបាលព្រៃឈើ ចាត់ការទៅតាមនីតិវិធីច្បាប់។