កំពង់ស្ពឺៈ នៅវេលាម៉ោង០៨ និង០៥នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពត បានធ្វើការឃាត់ខ្លួនបុរសម្នាក់ជាយោធា តាមដីកាបញ្ជាឲ្យចូលខ្លួន របស់ព្រះរាជអាជ្ញាខេត្តកំពត ពាក់ព័ន្ធករណីដឹកឈើបណ្តាលអោយបាក់ស្ពាន ស្ថិតនៅចំណុចភូមិជ័យសេនា ឃុំកោះស្លា ស្រុកឈូក ខេត្តកំពត កាលពីយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ ។
បើតាមភ្នាក់ងារ GRK News បានឱ្យដឹងថា បុរសជាយោធានោះមានឈ្មោះ ៖
ជឿង ថេង ភេទប្រុស អាយុ៣៧ឆ្នាំ ជាមន្រ្តីយោធាភូមិភាគទី៣ មានទីលំនៅឃុំសង្កែសាទប
ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ។
ភ្នាក់ងារបានបន្តឱ្យដឹងទៀតថា កម្លាំងបានធ្វើការ ចាប់យកវត្ថុតាងរួមមាន រថយន្តម៉ាកវីហ្គូ ចំនួន០១គ្រឿងផងដែរ។
ជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងកសាងសំណុំរឿង បញ្ចូនអោយ កម្លាំងកងរាជអាវុធហត្ថខេត្តកំពត ដើម្បីចាត់ការបន្តតាមនីតិវិធី។