ស្វាយរៀង៖ បន្ទាប់ពីមានផ្ទុះឡើងនូវការរីករាលដាល ជំងឺកូវីឌ-១៩ ក្នុងប្រទេសកម្ពុជា លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានដាក់ចេញនូវផែនការការពារជំងឺឆ្លងជាបន្តបន្ទាប់ ដល់កម្លាំងក្រោមឱវាទទូទាំងខេត្ត ឱ្យអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដោយផ្តើមចេញពីការថែរក្សាអនាម័យផ្ទាល់ខ្លួន អនាម័យជុំវិញអង្គភាព អនាម័យតាមគ្រួសាររបស់ខ្លួននីមួយៗ និងមានវិធានការប្រុងប្រយ័ត្នផ្សេងៗតាមលំដាប់ ស្របតាមសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ថែមទាំងបានចូលរួមផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ជូនដល់ប្រជាជន នៅតាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៨។
ជាក់ស្ដែង នៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ លោក ស្រីវរសេនីយ៍ទោ នួន នីម មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបន្ថែមនូវវិធានការការពារដោយបំពាក់ឧបករណ៍បាញ់ថ្នាំសម្លាប់មេរោគ ទៅតាមបណ្ដាមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៨ បើកចែកនូវធុងបាញ់ថ្នាំសម្លាប់មេរោគ និងបើកភ្ជាប់ជាមួយ ទឹកថ្នាំសម្លាប់មេរោគ ស្រោមដៃ និងមួកការពារប្រើសម្រាប់បាញ់ថ្នាំ៕